National

• 1 hour ago• Lim_Rothanaksambath

យុទ្ធនាការ «៤,០០០រៀល ឬ 1$ » ប្រកាសជាផ្លូវការ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់ព្រឹត្តិការណ៍ខួប ១០ឆ្នាំ នៃការចុះបញ្ជីចាប៉ីដងវែងជាបេតិកភណ្ឌអរូបីពិភពលោក

យុទ្ធនាការ «៤,០០០រៀល ឬ 1$ » ប្រកាសជាផ្លូវការ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់ព្រឹត្តិការណ៍ខួប ១០ឆ្នាំ នៃការចុះបញ្ជីចាប៉ីដងវែងជាបេតិកភណ្ឌអរូបីពិភពលោក
ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ ដើម្បីចូលរួមចំណែកអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយសិល្បៈតន្ត្រីបុរាណខ្មែរឱ្យកាន់តែរីកចម្រើន យុទ្ធនាការរៃអង្គាសថវិកាក្រោមប្រធានបទ «៤,០០០ រៀល ឬ ១ ដុល្លារ» ត្រូវបានប្រកាសជាផ្លូវការ។ យុទ្ធនាការនេះ មានគោលបំណងគៀរគរវិភាគទានសប្បុរសធម៌ពីគ្រប់ទិសទី ដើម្បីទ្រទ្រង់ដំណើរការរៀបចំ «ព្រឹត្តិការណ៍អបអរសាទរខួប ១០ ឆ្នាំ នៃការចុះបញ្ជីចាប៉ីដងវែងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការ UNESCO» ៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៦។

ការប្រកាសនេះ បានធ្វើឡើងតាមរយៈការអំពាវនាវយ៉ាងទទូចដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ មហាជន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគវិភាគទានតាមសទ្ធាជ្រះថ្លា ដើម្បីរួមគ្នារក្សាមរតកដូនតា។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការអបអរសាទរខួប ១០ ឆ្នាំនេះ នឹងត្រូវបែងចែកជា ២ ផ្នែកសំខាន់ៗ ទៅតាមទីតាំង និងពេលវេលាដូចខាងក្រោម៖

1. ថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ (នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ)៖ ជាកម្មវិធីសាធារណៈដែលរួមមាន ការផ្សព្វផ្សាយព័ត៌មាន, បទបង្ហាញអប់រំអំពីសិល្បៈចាប៉ីដងវែង, និងការសម្តែងទស្សនីយភាពសិល្បៈបុរាណខ្មែរយ៉ាងសម្បូរបែបដោយក្រុមសិល្បករចាប៉ីដងវែង។
2. ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦ (នៅវត្តនាគវ័ន សង្កាត់បឹងកក់ទី២ រាជធានីភ្នំពេញ)៖ ជាពិធីបែបសាសនា និងវប្បធម៌ រួមមាន៖ ពិធីរំលឹកគុណបុព្វបុរសចាប៉ីដងវែង, ពិធីបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វសិល្បករដែលបានចែកឋាន, ព្រមទាំងសកម្មភាពចុះសួរសុខទុក្ខ និងជូនពរដល់សិល្បករ-សិល្បការិនីបុរាណជើងចាស់។

ព្រឹត្តិការណ៍ខួប ១០ ឆ្នាំនេះ នឹងមានការចូលរួមយ៉ាងកុះករពីសំណាក់សិល្បករ-សិល្បការិនីសរុបចំនួន ៥៩ រូប ដែលតំណាងឱ្យ ៣ ជំនាន់ គឺ៖ ជំនាន់ព្រឹទ្ធាចារ្យ យុវជន និងកុមារ។ ក្នុងនោះ សិល្បករចាប៉ីដងវែង មានចំនួន ២៦ រូប និង សិល្បករទម្រង់សិល្បៈផ្សេងៗ មានចំនួន ៣៣ រូប។ ការប្រមូលផ្តុំសិល្បករទាំង ៣ ជំនាន់នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការបន្តវេន និងការផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីកុំឱ្យទម្រង់សិល្បៈបុរាណដ៏ស្ទាត់ជំនាញនេះត្រូវបាត់បង់។

ថវិកាដែលទទួលបានពីយុទ្ធនាការ «៤,០០០ រៀល ឬ ១ ដុល្លារ» ទាំងមូល នឹងត្រូវយកទៅចាត់ចែងប្រកបដោយតម្លាភាព សម្រាប់ចំណាយចាំបាច់ក្នុងកម្មវិធី រួមមាន៖ ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ ជូនដល់សិល្បករ និងក្រុមការងាររៀបចំកម្មវិធី, សម្ភារ និងការតុបតែងរៀបចំទីតាំងកម្មវិធី, កញ្ចប់ថវិកា និងជំនួយឧបត្ថម្ភសម្រាប់ការចុះសួរសុខទុក្ខព្រឹទ្ធាចារ្យសិល្បៈបុរាណ។

សូមជម្រាបថា «ចាប៉ីដងវែង» គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរដ៏មានប្រជាប្រិយភាព និងចំណាស់មួយ ដែលប្រើប្រាស់សម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរី និងការច្រៀងកំណាព្យស្ម័គ្របែបទោលជាដើម។

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅទីក្រុងអាឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី អង្គការ UNESCO បានសម្រេចដាក់បញ្ចូល «ចាប៉ីដងវែង» របស់កម្ពុជា ទៅក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវការសង្គ្រោះបន្ទាន់» (List of Intangible Cultural Heritage in Need of Urgent Safeguarding)។

ការប្រារព្ធខួប ១០ ឆ្នាំនាឆ្នាំ ២០២៦ ខាងមុខនេះ មិនត្រឹមតែជាការរំលឹកនូវមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនក្រើនរំលឹកដល់កូនខ្មែរគ្រប់រូប ឱ្យបន្តរួមដៃគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌អរូបីនេះឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សហគមន៍ចាប៉ីអមតៈ Community of Living Chapei
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សហគមន៍ចាប៉ីអមតៈ Community of Living Chapei
End image 3