National
• 1 hour ago• Lim_Rothanaksambath
ពីសិស្សពូកែគណិតវិទ្យាមកជាម្ចាស់មកុដ! កុមារី ស៊ិន កែវមរកត នឹងតំណាងកម្ពុជាទៅប្រកួត 2026 Asia Model Festival នៅកូរ៉េខាងត្បូង

ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ មិនត្រឹមតែជាគ្រាប់ពូជឆ្នើមផ្នែកចំណេះដឹងទូទៅនៅក្នុងថ្នាក់រៀននោះទេ កុមារី ស៊ិន កែវមរកត វ័យ ៨ ឆ្នាំ បានបង្ហាញឱ្យគ្រប់គ្នា ឃើញពីទេពកោសល្យសិល្បៈយ៉ាងលេចធ្លោ រហូតដណ្ដើមបានជយលាភី Winner Face of Cambodia Kids & Junior 2026 Group A កាលពីពេលថ្មីៗនេះ។
ជោគជ័យលើការប្រកួតឆាកជាតិមួយនេះ បានបើកទ្វារឱ្យតារាម៉ូដែលវ័យក្មេងរូបនេះ មានឱកាសតំណាងព្រះរាជាណាចក្រកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិដ៏ធំ 2026 Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
អាយុទើបតែ ៨ ឆ្នាំក៏ពិតមែន ប៉ុន្តែកុមារី ស៊ិន កែវមរកត មានសមត្ថភាព ទេពកោសល្យ និងមានឆន្ទៈខ្ពស់ក្នុងការតំណាងព្រះរាជាណាចក្រកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ជាមួួយបេក្ខភាពមកពីជិត ៣០ប្រទេសជុំវិញពិភពលោក។ ជាក់ស្តែង មុនឈ្នះជយលាភី Winner Face of Cambodia Kids & Junior 2026 Group A នាងតូចរូបនេះក៏ជាសិស្សពូកែខាងគណិតវិទ្យាម្នាក់ផងដែរ។
ក្រៅពីការសិក្សាទូទៅ កុមារីរូបនេះបានហ្វឹកហាត់រៀនរបាំបុរាណខ្មែរ ច្រៀង និងដើរម៉ូដ ថែមទាំងធ្លាប់បានបញ្ចេញថ្វីដៃសម្តែងក្នុងស្នាដៃភាពយន្តភាគ និងភាពយន្តរឿងកុនខ្មែរជាហូរហែររួចមកហើយដែរ។
ដើម្បីត្រៀមខ្លួនឱ្យបានល្អឥតខ្ចោះ កុមារី ស៊ិន កែវមរកត កំពុងខិតខំហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ទាំងជំនាញដើរម៉ូដ Catwalk ការពង្រឹងភាសាបរទេស ការរៀបចំខ្លួន និងការសិក្សាស្វែងយល់ពីស្ដង់ដារប្រកួតថ្នាក់អន្តរជាតិ ដើម្បីធានាឱ្យបាននូវលទ្ធផលល្អប្រសើរបំផុតជូនជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Face of Cambodia និង ស៊ិន កែវមរកតជុំវិញការត្រៀមខ្លួននេះ លោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Face of Cambodia បានឱ្យដឹងថា ក្រុមហ៊ុន Cambodia International Models នឹងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមដល់តារាម៉ូដែលតំណាងកម្ពុជាទាំងអស់ ទាំងផ្នែកបច្ចេកទេសដើរម៉ូដ ការថតរូប ការរៀបចំខ្លួន ព្រមទាំងការចែករំលែកបទពិសោធន៍ពីជោគជ័យកាលពីឆ្នាំមុនៗ និងការសម្រួលនីតិវិធីទិដ្ឋាការ (Visa) ផងដែរ។
លោក ម៉ែន និមលរតន៍ បានគូសបញ្ជាក់បន្ថែមថា «កាលពីឆ្នាំមុន ជាឆ្នាំដំបូងដែលកម្ពុជាបានបញ្ជូនតារាម៉ូដែលវ័យក្មេងទៅប្រកួតក្នុងកម្មវិធី Asia Model Festival ហើយយើងទទួលបានលទ្ធផលគួរឱ្យមោទនភាពយ៉ាងខ្លាំង ដោយម៉ូដែលវ័យក្មេងកម្ពុជា ២រូប បានឈ្នះជយលាភីអន្តរជាតិ ហើយតារាម៉ូដែលពេញវ័យក៏បានហក់ឡើងដល់ Top 10 ផងដែរ។ សម្រាប់ឆ្នាំ២០២៦ នេះ យើងជឿជាក់យ៉ាងមុតមាំថា កុមារី ស៊ិន កែវមរកត និងបេក្ខភាពកម្ពុជាផ្សេងទៀត នឹងបន្តសាងស្នាដៃ និងបង្ហាញពិភពលោកឱ្យឃើញពីសមត្ថភាពពិតរបស់កុមារកម្ពុជា»។
ការបោះជំហានរបស់កុមារី ស៊ិន កែវមរកត ទៅកាន់ឆាកអន្តរជាតិនៅកូរ៉េខាងត្បូងនាចុងឆ្នាំនេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួន និងគ្រួសារនោះទេ ប៉ុន្តែវាជាការស្តែងឱ្យឃើញពីសមត្ថភាពចម្រុះនៃកុមារកម្ពុជាជំនាន់ថ្មី ដែលអាចរៀបចំតុល្យភាពរវាងការសិក្សាផ្នែកចំណេះដឹងទូទៅ និងការអភិវឌ្ឍទេពកោសល្យសិល្បៈលើឆាកអន្តរជាតិយ៉ាងលេចធ្លោបំផុត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



