National

• 6 days ago• Lim_Rothanaksambath

ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំពីការរៀបចំ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ជំរុញអនុវត្តគោលការណ៍ 4Rs នៅទូទាំងប្រទេស

ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំពីការរៀបចំ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ជំរុញអនុវត្តគោលការណ៍ 4Rs នៅទូទាំងប្រទេស


ភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីលើកកម្ពស់សោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងគុណភាពបរិស្ថាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំផ្លូវការស្តីពីការរៀបចំប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦» ដោយបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការធ្វើអនាម័យ និងគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ។

«ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥។ ទិវានេះមានគោលបំណងយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងកៀងគរចលនាមហាជន រួមមាន ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្ស-និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានស្អាត និងស្រស់បំព្រង។

នៅក្នុងសេចក្តីណែនាំឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ជាពិសេសលើការប្រែប្រួលទម្លាប់នៃការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន ដោយតម្រូវឱ្យមានការវេចខ្ចប់ និងញែកសំណល់ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដាច់ដោយឡែកពីសំណល់ដែលត្រូវបោះចោល។ វិធានការនេះធ្វើឡើងដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យទៅជា «តម្លៃសេដ្ឋកិច្ច» និងកាត់បន្ថយបរិមាណសំរាមដែលត្រូវចាក់ចោលនៅតាមទីលាន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ជាមួយគ្នានេះ ក្រសួងបានដាក់ចេញនូវ គោលការណ៍ 4Rs សម្រាប់គ្រប់គ្រឹះស្ថាន និងអង្គភាព គឺ Refuse (បដិសេធ)៖ មិនប្រើប្រាស់ផលិតផលដែលបង្កបំពុលបរិស្ថាន (ជាពិសេសប្លាស្ទិកប្រើបានតែមួយដង), Reduce (កាត់បន្ថយ)៖ កាត់បន្ថយការបង្កើតសំណល់ក្នុងជីវភាពប្រចាំថ្ងៃ និងដំណើរការអាជីវកម្ម, Reuse (ប្រើប្រាស់ឡើងវិញ)៖ យកវត្ថុប្រើប្រាស់រួចមកប្រើឡើងវិញឱ្យអស់លទ្ធភាព និង Recycle (កែច្នៃ)៖ ញែកសំណល់ដើម្បីបញ្ជូនទៅកែច្នៃជាផលិតផលថ្មី។

ដើម្បីធានាឱ្យការអនុវត្តទទួលបានលទ្ធផលជាក់ស្តែង ក្រសួងបរិស្ថានបានណែនាំពីការធ្វើអនាម័យតាមគោលដៅសំខាន់ៗចំនួន ៥៖

• ទីសាធារណៈ៖ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវចាត់វិធានការប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំដើមឈើបន្ថែម។
• ក្រសួង ស្ថាប័ន សាលារៀន វត្តអារាម និងមន្ទីរពេទ្យ៖ ចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅបរិវេណអង្គភាព និងគ្រប់គ្រងសំណល់តាមវិធាន 4Rs។
• រោងចក្រ សហគ្រាស សិប្បកម្ម៖ ធ្វើអនាម័យជុំវិញទីតាំង និងអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និងអ្នកដឹកជញ្ជូនអំពីការទុកដាក់សំរាម។
• រមណីយដ្ឋាន និងភោជនីយដ្ឋាន៖ ធានាអនាម័យជាប្រចាំ បំពាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា ដើម្បីបម្រើសេវាទេសចរណ៍ និងផាសុកភាព។
• លំនៅឋាន៖ អាជ្ញាធរមូលដ្ឋានត្រូវណែនាំប្រជាពលរដ្ឋឱ្យសម្អាត និងរៀបចំទុកដាក់សំរាមតាមលំនៅឋានរៀងៗខ្លួនឱ្យបានសមស្រប។

សូមជម្រាបថា សេចក្តីណែនាំនេះធ្វើឡើងស្របពេលដែលក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ាង សុផល្លែត កំពុងជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក («ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ») និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់លាននាក់ចូលរួមទូទាំងប្រទេស៕

ប្រភព៖​ https://web.facebook.com/share/p/18Tp5WRntx/
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3