The Khmer Daily Network Logo

National

4 days agoLim_Rothanaksambath

យូនីលីវើ បញ្ជាក់ពីទំនិញលេខបារកូដ 885 បន្តមានលើទីផ្សារ ខណៈចលនាពហិការផលិតផលថៃនៅតែក្តៅគគុក

យូនីលីវើ បញ្ជាក់ពីទំនិញលេខបារកូដ 885 បន្តមានលើទីផ្សារ ខណៈចលនាពហិការផលិតផលថៃនៅតែក្តៅគគុក
ជាការពិតដែលប្រជាពលរដ្ឋខ្មែរបានប្រកាសពហិការឈប់ប្រើប្រាស់ផលិតផលថៃ ចាប់តាំងពីកើតជម្លោះព្រំដែនផ្លូវគោករវាងកម្ពុជា-ថៃ ចាប់តាំងពីឆ្នាំ២០២៥មកម៉្លេះ។ ភាពឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរកើតចេញពីយោធាថៃបានប្រើសព្វាវុធធុនធ្ងន់វាយប្រហារ ដើម្បីឈ្លានពានលើអធិបតេយ្យភាពកម្ពុជា ដោយប្រើយន្តហោះចម្បាំង F16, T-50TH, កាំភ្លើងធំ ១៥៥ម.ម កាំជ្រួចហ្វូង DTI-G1, DTI-2, កាំភ្លើងចល័តលើរថយន្ត កាំភ្លើង ១២,៧ម.ម បំពាក់លើរថក្រោះ និងកាំភ្លើងបំភ្លឺផ្លូវជាដើមនោះ បានធ្វើឱ្យពលរដ្ឋឈឺចាប់ ដិតដាមក្នុងចិត្តមិនអាចបំភ្លេចបាន និងបានបង្កើតជាចលនាពហិការឈប់ប្រើប្រាស់ផលិតផលថៃ ធ្វើឱ្យទីផ្សារនាំចូលទំនិញថៃមកទីផ្សារកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ត្រឹមរយៈពេលដ៏ខ្លី។


បើទោះបីជាការពហិការឈប់ប្រើប្រាស់ផលិតផលថៃនៅតែបន្តឥតស្រាក់ស្រាន្តក៏ពិតមែន តែគេនៅឃើញមានទំនិញ និងផលិតផលថៃ ដែលមានលេខបារកូដ 885 នៅបន្តមានវត្តមានលើទីផ្សារកម្ពុជា ខណៈថ្មីៗកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យមានការចាត់វិធានការ ទៅលើជនដែលលួចនាំទំនិញពីថៃចូលមកលក់នៅកម្ពុជាឱ្យបានម៉ឺងម៉ាត់ និងដកហូតទ្រព្យសម្បត្តិ ព្រមទាំងយកទៅធ្វើការនៅតាមព្រំដែន។


ជុំវិញបញ្ហានេះ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងធ្លាប់នាំចូលផលិតផល និងទំនិញថៃច្រើនមកកម្ពុជាកាលពីកន្លងទៅ បានចេញមុខបញ្ជាក់រឿងទំនិញលេខបារកូដ 885 ដែលបន្តមាននៅលើទីផ្សារកម្ពុជា ដោយបានអះអាងថា ផលិតផលទាំងនេះ មិនមែនជាទំនិញនាំចូលថ្មីនាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុននោះទេ តែជាការលក់ស្តុកដែលនៅសេសសល់ ពោលគឺវាជាស្ដុកចាស់ដែលមានស្រាប់របស់អាជីវករ ឬអ្នកលក់ដុំ និងរាយ នៅលើទីផ្សារប៉ុណ្ណោះ។


ក្នុងសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗ យូនីលីវើ (ខេមបូឌា) បានអះអាងថា ក្រុមហ៊ុនបាននាំចូលផលិតផលពីបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ចិន វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌា ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចូលផលិតផលសម្រេច ១០០ ភាគរយ ពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ។


សេចក្តីជូនដំណឹងលើទំព័រហ្វេសប៊ុក Unilever Cambodiaសេចក្តីជូនដំណឹងលើទំព័រហ្វេសប៊ុក Unilever Cambodia
លើសពីនេះទៅទៀត តាមការគ្រោងទុក ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត កំពុងរៀបចំសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាលើផលិតផលមួយចំនួន នៅចុងឆ្នាំ ២០២៦ នេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបញ្ជាក់ពីព័ត៌មានលម្អិតទាក់ទងនឹងគម្រោងរៀបចំសង្វាក់ផលិតកម្មនេះនោះទេ។


គេចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) បានមានប្រសាសន៍ថា ចាប់តាំងពីប្រជាពលរដ្ឋកម្ពុជាធ្វើពហិការលើផលិតផលថៃ ដោយសារតែការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា មានក្រុមហ៊ុនដែលធ្លាប់នាំចូលផលិតផលពីថៃជាច្រើន បានងាកមកផលិតនូវទំនិញក្នុងស្រុក ដើម្បីផ្គត់ផ្គង់វិញ ហើយកំណើនរោងចក្រសហគ្រាសផលិតទំនិញនៅក្នុងប្រទេសកម្ពុជារំពឹងថាកើនឡើងខ្ពស់នៅចុងឆ្នាំ ២០២៧។


លោកឧកញ៉ាបន្តថា និន្នាការធុរជនដែលចាប់ផ្ដើមផលិតទំនិញនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការនាំចូលពីបរទេស មិនថាតែមកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានខិតខំជំរុញឱ្យសហគ្រិនក្នុងស្រុកពង្រីក និងពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យបានច្រើនកាត់បន្ថយការនាំចូល ពីព្រោះថាផលិតនៅក្នុងប្រទេសនឹងធ្វើឱ្យចំណេញខ្ពស់ បង្កើតប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋក្នុងស្រុកតាមរយៈការបង្កើតការងារ ការទិញកសិផលពីកសិករ ដើម្បីបម្រើខ្សែច្រវាក់ផលិតកម្ម៕

ពីសារព័ត៌មាន The Khmer Daily Network