National

• 3 hours ago• Lim_Rothanaksambath

ពិធីសំណេះសំណាលជាមួយសិស្សពូកែនិទ្ទេស A និង សញ្ញាបត្របច្ចេកទេសកម្រិត៣ ប្រចាំឆ្នាំ២០២៦ នឹងធ្វើឡើងនៅចុងខែតុលានេះ

ពិធីសំណេះសំណាលជាមួយសិស្សពូកែនិទ្ទេស A និង សញ្ញាបត្របច្ចេកទេសកម្រិត៣ ប្រចាំឆ្នាំ២០២៦ នឹងធ្វើឡើងនៅចុងខែតុលានេះ
ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការរៀបចំ «ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹឹងថា ពិធីសំណេះសំណាលប្រចាំឆ្នាំនេះ គឺដើម្បីអបអរសាទរដល់សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ និងសិស្សជ័យលាភីនៃការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ជាមួយគ្នានោះ ក្រសួងអប់រំក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលឆ្នើម ព្រមទាំងជំរុញទឹកចិត្តឱ្យក្មួយៗបន្តខិតខំអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញបន្តទៀត ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សនិទ្ទេស A ទាំងអស់ ជ្រាបជាព័ត៌មាន និងត្រៀមខ្លួនចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះឱ្យបានកុះករតាមកាលបរិច្ឆេទ និងទីកន្លែងគ្រោងទុក។

គួរឱ្យដឹងផងដែរថា ការអញ្ជើញសិស្សជ័យលាភីមកពីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មកចូលរួមក្នុងពិធីសំណេះសំណាលរួមគ្នា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការបណ្តុះបណ្តាលធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារពិតប្រាកដ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង MoEYS Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង MoEYS Cambodia