The Khmer Daily Network Logo

Education

1 hour agoLim_Rothanaksambath

លទ្ធផលបាក់ឌុបឆ្នាំ២០២៦ បេក្ខជនជាប់ជាង ៨៤% ខណៈអ្នកជាប់និទ្ទេស A មានចំនួន ២ ០២២ នាក់

លទ្ធផលបាក់ឌុបឆ្នាំ២០២៦ បេក្ខជនជាប់ជាង ៨៤% ខណៈអ្នកជាប់និទ្ទេស A មានចំនួន ២ ០២២ នាក់
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីអត្រាជាប់ខ្ពស់រហូតដល់ ៨៤.០៦ ភាគរយ។

យោងតាមទិន្នន័យផ្លូវការ បេក្ខជនដែលបានមកប្រឡងមានចំនួនសរុប ១៥១ ២៣៨ នាក់ ក្នុងនោះស្រី ៨៤ ៧៣៥ នាក់។ ជាលទ្ធផល មានបេក្ខជនប្រឡងជាប់សរុបចំនួន ១២៥ ៩៧៥ នាក់។

ចំពោះកម្រិតនិទ្ទេសដែលបេក្ខជនទទួលបានមានដូចជា៖ និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់ និង និទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។

បើប្រៀបធៀបទៅនឹងលទ្ធផលកាលពីឆ្នាំ២០២៥ អត្រាជាប់មានការថយចុះបន្តិចបន្តួច ពោលគឺកាលពីឆ្នាំ២០២៥ អត្រាជាប់មាន ៨៤.៥៦% (១២២ ៤៧៣ នាក់)។ អ្វីដែលគួរឱ្យកត់សម្គាល់ ចំនួនសិស្សនិទ្ទេស A ក្នុងឆ្នាំ២០២៦ នេះ មានចំនួន ២ ០២២ នាក់ ដែលមានការថយចុះបើធៀបនឹងឆ្នាំ២០២៥ ដែលមានរហូតដល់ ៣ ០០៣ នាក់។

នៅក្នុងដំណើរការនៃការបោះពុម្ព និងផ្ទៀងផ្ទាត់លទ្ធផល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដោយផ្ទាល់ ដើម្បីធានាឱ្យបាននូវភាពសុក្រឹត និងយុត្តិធម៌។ ជាមួយគ្នានោះដែរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏បានចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាល ចាប់តាំងពីដំណើរការសំណេរ រហូតដល់ការប្រកាសលទ្ធផល។

លទ្ធផលត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំង ២៤ ផ្សេងទៀតទូទាំងប្រទេស។ ក្រៅពីការបិទផ្សាយនៅតាមមណ្ឌល ក្រសួងក៏បានបង្ហោះលទ្ធផលនៅលើទំព័រហ្វេសប៊ុកផ្លូវការ និងតាមរយៈប្រព័ន្ធ Telegram របស់ក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន និងអាណាព្យាបាលក្នុងការពិនិត្យមើលលទ្ធផល។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបគឺជាដំណាក់កាលដ៏សំខាន់សម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងការស្វែងរកឱកាសអាហារូបករណ៍ផ្សេងៗទាំងក្នុង និងក្រៅប្រទេស៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network