National
• 1 day ago• Lim_Rothanaksambath
សិស្សនិទ្ទេស A ខេត្តកំពង់ស្ពឺ កញ្ញា លីម ស៊ីញស៊ីញ ចែករំលែកកត្តាជោគជ័យទាំង៤ និងការប្តេជ្ញាចិត្តជា «មូលធនមនុស្ស» ទ្រទ្រង់ការអភិវឌ្ឍជាតិ

ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ និងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តក្នុងខេត្តកំពង់ស្ពឺ កញ្ញា លីម ស៊ីញស៊ីញ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាន និទ្ទេស A មកពីវិទ្យាល័យកំពង់ស្ពឺ ដែលជាតំណាងឱ្យសិស្សទទួលបាននិទ្ទេស A ទាំង ៣១រូប ទូទាំងខេត្ត បានឡើងចែករំលែកនូវបទពិសោធន៍សិក្សា និងកត្តាសំខាន់ៗដែលនាំឱ្យរូបនាងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ។
នៅក្នុងសារចំណាប់អារម្មណ៍ដ៏មានអត្ថន័យ កញ្ញា លីម ស៊ីញស៊ីញ បានគូសបញ្ជាក់ថា ជោគជ័យដ៏ធំធេងនាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលកើតចេញពីកត្តារួមផ្សំសំខាន់ៗចំនួន ៤ រួមមាន៖ កត្តាខ្លួនឯង, កត្តាគ្រួសារ, កត្តាសាលារៀន, និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ។
ទន្ទឹមនឹងនេះ កញ្ញាបានសង្កត់ធ្ងន់ថា «កត្តាខ្លួនឯង» គឺជាចំណុចស្នូល និងជាដើមចមសំខាន់បំផុត ដោយរូបនាងតែងតែដាក់វិន័យលើខ្លួនឯងយ៉ាងម៉ឺងម៉ាត់ និងមានកាលវិភាគសិក្សាប្រចាំថ្ងៃច្បាស់លាស់, ចេះបែងចែកពេលវេលារៀនសូត្រ និងសម្រាកបានត្រឹមត្រូវ មានឆន្ទៈ មនសិការខ្ពស់ និងការតាំងចិត្តឥតរអែរក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ។
ក្នុងឱកាសដ៏មហោឡារិកនោះ តំណាងសិស្សនិទ្ទេស A រូបនេះ បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឪពុក អ្នកម្តាយ លោកគ្រូ-អ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងលើវិស័យអប់រំ។ ជាមួយគ្នានេះ កញ្ញាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានខិតខំថែរក្សាសុខសន្តិភាព។
សិស្សនិទ្ទេស A ខេត្តកំពង់ស្ពឺ កញ្ញា លីម ស៊ីញស៊ីញ បានរៀបរាប់ថា «ដោយសារមានសុខសន្តិភាពនេះហើយ ទើបរូបនាងខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋទូទៅ អាចទទួលបានឱកាសរៀនសូត្រ និងទទួលបានជោគជ័យដូចថ្ងៃនេះ»។
ឈានចូលដល់ទំព័រថ្មីនៃជីវិតសិក្សានៅកម្រិតឧត្តមសិក្សា កញ្ញា លីម ស៊ីញស៊ីញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវ និងរៀនសូត្របន្ថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជា «មូលធនមនុស្ស» ដែលប្រកបដោយមនសិការ ចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។
សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តនោះ ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធបានឧបត្ថម្ភជារង្វាន់រួមមាន៖
- សិស្សនិទ្ទេស A ទាំង ៣១នាក់៖ ទទួលបានកុំព្យូទ័រ ១គ្រឿង និងថវិកា ១លានរៀល ក្នុងម្នាក់។
-សិស្សនិទ្ទេស A ពិន្ទុខ្ពស់ជាងគេ ៣នាក់៖ ទទួលបានម៉ូតូ ១គ្រឿង បន្ថែមពីលើកុំព្យូទ័រ និងថវិកា។
ការលើកទឹកចិត្តដល់វិទ្យាល័យទូទាំងខេត្ត៖
- Top 5 (វិទ្យាល័យជាប់ច្រើនជាងគេ ៥សាលា)៖ ទទួលបាន ១២លានរៀល/សាលា។
- វិទ្យាល័យដែលមានអត្រាជាប់ចាប់ពី ៩០% ឡើង (៨សាលា)៖ ទទួលបាន ៧លានរៀល/សាលា។
- វិទ្យាល័យដែលមានអត្រាជាប់ពី ៨០% - ៩០% (១២សាលា)៖ ទទួលបាន ៣លានរៀល/សាលា។
- វិទ្យាល័យដែលមានអត្រាជាប់ក្រោម ៨០% (២សាលា)៖ ទទួលបានថវិកាលើកទឹកចិត្ត ២លានរៀល/សាលា។
- វិទ្យាល័យដែលមានសិស្សជាប់ និទ្ទេស A៖ ទទួលបានថវិកាបន្ថែម ៥០ម៉ឺនរៀល គុណនឹងចំនួនសិស្សនិទ្ទេស A នៅក្នុងសាលានោះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



