National

2 hours agoLim_Rothanaksambath

ACBC បង្ហាញបំណងបណ្តាក់ទុនលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម ខណៈកម្ពុជារុញច្រានការភ្ជាប់ច្រកកំពង់ផែទៅកាន់ទីផ្សារអាមេរិក

ACBC បង្ហាញបំណងបណ្តាក់ទុនលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម ខណៈកម្ពុជារុញច្រានការភ្ជាប់ច្រកកំពង់ផែទៅកាន់ទីផ្សារអាមេរិក
ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងវិនិយោគពីសំណាក់ធុរជនអាមេរិក លើវិស័យអាទិភាពសំខាន់ៗចំនួនបី រួមមាន ឡូជីស្ទីក កសិកម្ម និងឧស្សាហកម្មគ្រឿងសង្ហារឹម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែរីកធំធាត់។

តួយ៉ាង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber - ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលគណៈប្រតិភូបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ លោកស្រី ចាន់ សុខវាសនា បានគោរពជម្រាបជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចធុរកិច្ចនេះ។ គណៈប្រតិភូ ACBC បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចុះពិនិត្យដោយផ្ទាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកស្រីប្រធាន ACBC បានវាយតម្លៃខ្ពស់ចំពោះកិច្ចសម្រួល និងការស្វាគមន៍យ៉ាងស្និទ្ធស្នាលពីសំណាក់អាជ្ញាធរកម្ពុជា ព្រមទាំងបានបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាសមាជិករបស់ ACBC មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក កសិកម្ម និងគ្រឿងសង្ហារឹម ដើម្បីជួយរុញច្រានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេង។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងចាត់ទុកទស្សនកិច្ចរបស់ ACBC ថាជា «កម្លាំងចលករដ៏មានសារៈសំខាន់» ក្នុងការរៀបចំស្ពានតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក। សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលធំធេងដែលអាចពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ហើយរាជរដ្ឋាភិបាលមានជឿជាក់ថានៅថ្ងៃអនាគត ផលិតផលខ្មែរនឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារសហរដ្ឋអាមេរិក។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Spokesperson for Samdech Thipadei Prime Ministerប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Spokesperson for Samdech Thipadei Prime Minister
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានរំលេចអំពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រែក្លាយ «កំពង់ផែស្វយ័តក្រុងព្រះសីហនុ» ឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីក និងដឹកជញ្ជូនឈានមុខក្នុងតំបន់ ព្រមទាំងបានបង្ហាញបំណងជំរុញការតភ្ជាប់ផ្លូវសមុទ្រដោយផ្ទាល់រវាងកំពង់ផែទឹកជ្រៅកម្ពុជា និងបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2