National
• 1 hour ago• Lim_Rothanaksambath
ក្រសួងកសិកម្ម និងអង្គការសហប្រជាជាតិ ចុះហត្ថលេខាលើកម្មវិធី AGRIFIN ដើម្បីពង្រឹងជីវភាពកសិករក្នុងខេត្តចំនួន ៧ ពាក់កណ្តាលជាស្ត្រី

ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (Cambodia Agriculture Forum and Exhibition - CAFE26) បានបិទបញ្ចប់ដោយជោគជ័យ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ៖នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងវិស័យកសិកម្មនេះ ក៏មានការចុះហត្ថលេខាលើ «កម្មវិធី AGRIFIN» ជាកម្មវិធីហិរញ្ញប្បទានកសិកម្ម ដើម្បីវិបុលភាពជនបទប្រកបដោយបរិយាបន្ន រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (UN) ផងដែរ។ កម្មវិធីនេះ ទទួលបានការឧបត្ថម្ភថវិកាពី មូលនិធិ Joint SDG Fund ដោយមានកិច្ចសហការរវាងភ្នាក់ងារ UN ចំនួនបី រួមមាន FAO, UNDP, និង UN Women ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈកម្មវិធី AGRIFIN នេះ នឹងជួយជ្រោមជ្រែងកសិករចំនួន ៧,០០០ នាក់ នៅក្នុងខេត្តគោលដៅចំនួន ៧ ដែលក្នុងនោះយ៉ាងហោចណាស់ពាក់កណ្ដាលជាស្ត្រី ឱ្យទទួលបានប្រាក់កម្ចីដែលមានលក្ខខណ្ឌ និងរចនាសម្ព័ន្ធរៀបចំឡើងស្របតាមតម្រូវការជាក់ស្តែងនៃផ្នែកកសិកម្ម។ តាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ (UN) រាល់ថវិកា ១ ដុល្លារអាមេរិក ពីមូលនិធិ Joint SDG Fund ត្រូវបានរំពឹងថា នឹងជំរុញឱ្យមានប្រាក់កម្ចីចំនួន ១០ ដុល្លារអាមេរិក សម្រាប់កសិករកម្ពុជា។

គួរបញ្ជាក់ថា មូលនិធិ Joint SDG Fund ទទួលបានការគាំទ្រថវិកាយ៉ាងសកម្មពីសំណាក់សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើន ដូចជា បែលហ្ស៊ិក ដាណឺម៉ាក អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី លុចសំបួ ម៉ូណាកូ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ សាធារណរដ្ឋកូរ៉េ អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ ស៊ុយអែត និងស្វីស ព្រមទាំងដៃគូវិស័យឯកជននានា។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ CAFE26 ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការបង្កើតឱ្យមានវេទិកាតភ្ជាប់ខ្សែច្រវាក់តម្លៃកសិស្បៀងអាហារ ការផ្គូផ្គងអាជីវកម្ម និងប្រព័ន្ធអេកូឡូស៊ីកសិកម្មដ៏រស់រវើកមួយនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តរក្សាទំនាក់ទំនងឈានទៅរកការចុះកិច្ចសន្យាកសិកម្មជាមួយសហគមន៍ ជំរុញការកែច្នៃកសិផល ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មត្រជាក់ (Cold Chain Logistics) ការបង្កើតកញ្ចប់ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប និងការជំរុញកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីកាត់បន្ថយថ្លៃដើមផលិត។
ឯកឧត្តម ក៏បានគូសរំលេចពីតួនាទីយ៉ាងសំខាន់របស់យុវជន ក្នុងការនាំយកបច្ចេកវិទ្យា ទំនើបកម្ម និងសហគ្រិនភាព មកអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានាសន្តិសុខស្បៀង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យចីរភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



