National

• 3 hours ago• Lim_Rothanaksambath

ឯកឧត្តម កែវ រ៉េមី បង្ហាញវឌ្ឍនភាពសិទ្ធិមនុស្សទៅអង្គការ AHRLA ស្នើអន្តរជាតិជួយអន្តរាគមន៍ករណីជនភៀសសឹក និងពលករខ្មែរនៅថៃ

ឯកឧត្តម កែវ រ៉េមី បង្ហាញវឌ្ឍនភាពសិទ្ធិមនុស្សទៅអង្គការ AHRLA ស្នើអន្តរជាតិជួយអន្តរាគមន៍ករណីជនភៀសសឹក និងពលករខ្មែរនៅថៃ


ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យ លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (Asian Human Rights and Labour Advocates - AHRLA) ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ គ.ស.ម.ក.។

នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនតំណាងអង្គការ AHRLA អំពីវឌ្ឍនភាពដ៏លេចធ្លោនៃការអភិវឌ្ឍសង្គម និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពជាតិ។ សមិទ្ធផលសំខាន់ៗដែលត្រូវបានលើកឡើងមានដូចជា សិទ្ធិការងារ និងការបណ្តុះបណ្តាល៖ ការដំឡើងប្រាក់ឈ្នួលអប្បបរជាបន្តបន្ទាប់ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិត ៨.១៤៩នាក់។

បន្ថែមពីលើនោះ សេវាសុខាភិបាល និងការកាត់បន្ថយភាពក្រីក្រ៖ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនឡើងពី ៤,៧លាននាក់ (ឆ្នាំ២០២៣) ដល់ ៨,៥លាននាក់ (ឆ្នាំ២០២៦)។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦,៧% (ឆ្នាំ២០១៤) មកនៅត្រឹម ១៦,៦% - ១៧,៨% ដោយមានគោលដៅកាត់បន្ថយឱ្យនៅត្រឹម ៦% នៅឆ្នាំ២០៣០ ខណៈដែលអាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៧១ឆ្នាំ ក្នុងឆ្នាំ២០២៦។ ក្នុងនោះផងដែរ កម្ពុជាបានសហការជាមួយប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត « Towards Universal Decriminalization of Homosexuality » ដើម្បីលុបបំបាត់ការរើសអើងជាសកល។

ទន្ទឹមនឹងវឌ្ឍនភាពខាងលើ ឯកឧត្តម កែវ រ៉េមី បានលើកឡើងយ៉ាងច្បាស់អំពីកង្វល់ផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានថ្លែងអំណរគុណដល់លោក Phil Robertson ដែលធ្លាប់បានអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋភៀសសឹកកម្ពុជាជាង ២០.០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបានឡើយ ដោយសារសកម្មភាពរបស់យោធាថៃ ដែលនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។

Inline image
បន្ថែមពីនេះ ប្រធាន គ.ស.ម.ក. ក៏បានរំលេចពីការរើសអើង អំពើហិង្សា និងការរំលោភបំពានលើពលករទេសន្តរប្រវេសន៍កម្ពុជានៅប្រទេសថៃ រួមទាំងករណីធ្ងន់ធ្ងរនៃការចាប់រំលោភពលការិនីខ្មែរពីសំណាក់យោធាថៃ នៅពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។

ជាការឆ្លើយតប លោក Phil Robertson បានថ្លែងអំណរគុណចំពោះព័ត៌មានលម្អិត និងបានសម្តែងការសោកស្តាយចំពោះបញ្ហាសិទ្ធិមនុស្សដែលកើតឡើងពីជម្លោះព្រំដែន។

លោកបានបញ្ជាក់ពីជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ លោក Thomas Andrews អ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អំពីបញ្ហាជនភៀសសឹកកម្ពុជា ព្រមទាំងបានទទួលស្គាល់នូវរបាយការណ៍ស្ដីពីការរើសអើង និងការបំពានលើពលករកម្ពុជានៅថៃផងដែរ។ លោកក៏បានផ្តល់មតិយោបល់បន្ថែមពាក់ព័ន្ធនឹងការរៀបចំបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) និងការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3