National

• 1 hour ago• Lim_Rothanaksambath

គ.ស.ព.ស. រៀបចំវគ្គបណ្តុះបណ្តាលប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសម័យ AI ពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន ឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីៗ

គ.ស.ព.ស. រៀបចំវគ្គបណ្តុះបណ្តាលប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសម័យ AI ពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន ឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីៗ
ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ស្ថិតនៅទីរួមខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គ.ស.ព.ស. និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះទទួលបានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអាជ្ញាធរដែនដី រួមមាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ព.ស., ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន, ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីតំណាងមន្ទីរព័ត៌មានខេត្ត មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាន និងសាធារណមតិ យុវជននៅតាមឃុំ-សង្កាត់ទូទាំងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។

ប្រភព៖ គេហទំព័រ ក្រសួងព័ត៌មាន 
រូបភាព៖ ទំព័រហ្វេសប៊ុក Asnarith Tepប្រភព៖ គេហទំព័រ ក្រសួងព័ត៌មាន រូបភាព៖ ទំព័រហ្វេសប៊ុក Asnarith Tep
នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្តល់នូវផលវិជ្ជមានជាច្រើន ប៉ុន្តែក៏បានបង្កើតនូវបញ្ហាប្រឈមធ្ងន់ធ្ងរផងដែរ ជាពិសេសនៅពេលដែលជនអគតិយក AI ទៅប្រើប្រាស់ខុសទិសដៅ ដើម្បីបង្កើត និងបំពុលបរិយាកាសព័ត៌មាន តាមរយៈការបង្កើតរូបភាព វីដេអូ ឬសំឡេងក្លែងក្លាយ (Deepfake) ដែលមានភាពប្រាកដប្រជាខ្ពស់ពិបាកបែងចែក ការប្រកបដោយចេតនាកែច្នៃព័ត៌មានមិនពិត ដើម្បីបំពុលបរិយាកាសសង្គម និងបង្កភាពវឹកវរក្នុងចំណោមសាធារណជន ការវាយប្រហារលើកេរ្តិ៍ឈ្មោះស្ថាប័នសាធារណៈ និងថ្នាក់ដឹកនាំ ដែលប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពសង្គម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងយុវជនមូលដ្ឋានក្នុងការឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីៗទាំងនេះ ដោយផ្តោតលើការយល់ដឹងពីការវិវត្ត ការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា AI ទំនើបៗ និងផលប៉ះពាល់ដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ជំនាញកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ (Fact-Checking) ដោយផ្តល់នូវវិធីសាស្ត្រ និងឧបករណ៍បច្ចេកវិទ្យាជាក់ស្តែង សម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានដើម។ បណ្តុះបណ្តាលយុទ្ធសាស្ត្រក្នុងការរៀបចំសារ និងការបកស្រាយបំភ្លឺត្រឡប់ទៅវិញយ៉ាងរហ័ស មានប្រសិទ្ធភាព និងច្បាស់លាស់ ដើម្បីឆ្លើយតបនឹងការប្រឌិតព័ត៌មានមិនពិត។

ការងារព័ត៌មាន និងសាធារណមតិ គឺជាអាវក្រោះដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខសង្គម។ ការបណ្តុះបណ្តាលមន្ត្រី និងយុវជនឃុំ-សង្កាត់ទូទាំងខេត្តកណ្តាលជិត ៨០០នាក់នាពេលនេះ នឹងធ្វើឱ្យកម្លាំងព័ត៌មាននៅថ្នាក់មូលដ្ឋានក្លាយជា «អ្នកការពារព្រំដែនព័ត៌មាន» ប្រកបដោយសមត្ថភាព រួមចំណែកយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពព័ត៌មាន ការពារសន្តិសុខសង្គម និងបង្កើតទំនុកចិត្តយ៉ាងរឹងមាំរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3