National

• 1 hour ago• Lim_Rothanaksambath

ក្រសួងមហាផ្ទៃ ពង្រឹងបច្ចេកវិទ្យា AI ដល់មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការវិភាគទិន្នន័យ

ក្រសួងមហាផ្ទៃ ពង្រឹងបច្ចេកវិទ្យា AI ដល់មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការវិភាគទិន្នន័យ


ភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ដោយជោគជ័យ ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) សរុបចំនួន ៥៦រូប ស្រី ០៩រូប ក្នុងគោលបំណងបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការងាររដ្ឋបាល ការគ្រប់គ្រង និងការវិភាគទិន្នន័យ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ថ្លែងក្នុងពិធីបិទនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ និងគ្រូឧទ្ទេស នៃនាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ដែលបានខិតខំរៀបចំមេរៀន និងចែករំលែកបទពិសោធន៍ល្អៗ។ ទន្ទឹមនឹងនេះ លោកអគ្គនាយករង ក៏បានសរសើរចំពោះស្មារតីយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ ដែលបានក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ជាពិសេសបច្ចេកវិទ្យា AI ដើម្បីយកទៅអនុវត្តជាក់ស្តែងក្នុងអង្គភាព។

គោលបំណង និងសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ បំពាក់បំប៉នចំណេះដឹងមូលដ្ឋាន និងការប្រើប្រាស់ឧបករណ៍ AI ជាក់ស្តែង សម្រាប់ការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ការវិភាគព័ត៌មាន និងការកែទម្រង់របៀបធ្វើការឱ្យកាន់តែលឿន មានគុណភាព និងឆ្លាតវៃ។ ម៉្យាង ដើម្បីពង្រឹងការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងសុវត្ថិភាព បណ្តុះស្មារតីដល់មន្ត្រីក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយផ្អែកលើគោលការណ៍សុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់។

វគ្គសិក្សានេះបានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យទាន់សម័យ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងផែនទីបង្ហាញផ្លូវឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។

គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះបានដំណើរការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដែលជាជំហានយុទ្ធសាស្ត្រសំខាន់មួយក្នុងការធ្វើទំនើបកម្មស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបនឹងការងារជំនាញនាប្រព័ន្ធឌីជីថល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media