National

• 1 hour ago• Lim_Rothanaksambath

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ត្រៀមចាក់បញ្ចាំងរឿងខ្លី ៩៩រឿង មកពី ៣៣ប្រទេស រួមទាំងរឿងខ្លី AI ជាលើកដំបូង នៅចុងខែតុលាខាងមុខនេះ!

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ត្រៀមចាក់បញ្ចាំងរឿងខ្លី ៩៩រឿង មកពី ៣៣ប្រទេស រួមទាំងរឿងខ្លី AI ជាលើកដំបូង នៅចុងខែតុលាខាងមុខនេះ!
ភ្នំពេញ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសបិទទទួលរឿងខ្លីពីសមិទ្ធិករជាតិ និងអន្តរជាតិ ខណៈឆ្នាំ២០២៦នេះ គឺជាជំនាន់ទី១៥ នៃការរៀបចំមហោស្រពភាពយន្តខ្លីដំបូងគេនៅកម្ពុជាមួយនេះ។

សម្រាប់មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ លើកទី១៥នេះ នឹងរៀបចំកម្មវិធីបញ្ចាំងដោយផ្ទាល់ ក៏ដូចជាចាក់បង្ហាញសាច់រឿងថ្មីៗទៅកាន់ទស្សនិកជននៅតាមរោងភាពយន្តផងដែរ។ អ្វីដែលសមិទ្ធិករទន្ទឹងរង់ចាំ ក៏បានមកដល់ដូចគ្នា នោះគឺការប្រកាសលទ្ធផល នៃភាពយន្តខ្លីដែលបានដាក់ប្រកួតតាំងពីការបើកទទួលនៅខែមករាកន្លងទៅ។

ជាក់ស្តែង បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសរឿងយ៉ាងស្វិតស្វាញ ភាពយន្តចំនួន ៤០០ ចំណងជើង គណៈកម្មការ CSFF បានជ្រើសរើសរឿង សម្រាប់ប្រកួតដូចខាងក្រោម៖

១. ភាពយន្តខ្លីកម្ពុជាដែលត្រូវបានជ្រើសរើសប្រកួត (Cambodian Competition - 4 Sections) ចែកជា ៣ ផ្នែក តាមប្រធានបទ គឺ ១. ពិភពជុំវិញខ្លួន ផ្នែកទី១ និងផ្នែកទី២, ២. ពិភពក្នុងខ្លួន និង ៣. ភាពយន្តនិស្សិតកម្ពុជា ។ សរុប ភាពយន្តខ្មែរទាំងអស់ដែលបានដាក់ប្រកួតមានចំនួន ៨៥ ចំណងជើង ក្នុងនោះមានភាពយន្តប្រតិដ្ឋចំនួន ២៨ ចំណងជើង។

២. ភាពយន្តបរទេសទាំងអស់ដែលបានដាក់ប្រកួតមានចំនួន ២៩៧ ចំណងជើង ក្នុងនោះមានភាពយន្តប្រតិដ្ឋ ចំនួន ២៦៤ ចំណងជើង រួមទាំងរឿងផលិតដោយបញ្ញាសិប្បនិម្មិត (AI) មាន ២៦ ចំណងជើង។

គួរបញ្ជាក់ផងដែរថា ក្រៅពីរឿងសម្រាប់ប្រកួត CSFF នឹងធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត ដូចជា៖ ភាពយន្តឯកសារខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ ចែកជា២ផ្នែក, ភាពយន្តខ្លីពី «ឈូករ័ត្ន» សម្រាប់ចាក់បង្ហាញ, ភាពយន្តខ្លីចម្រុះ សម្រាប់ចាក់បង្ហាញ, ភាពយន្តឯកសារខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ ចែកជា២ផ្នែក, ភាពយន្តឯកសារខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ, ភាពយន្តខ្លីអាសុី បែបទូទៅ សម្រាប់ចាក់បង្ហាញ និងភាពយន្តប្រើបញ្ញាសិប្បនិម្មិត សម្រាប់ចាក់បង្ហាញ។ ភាពយន្តដែលត្រូវចាក់បញ្ចាំក្នុងឆ្នាំ២០២៦នេះ មានចំនួនសរុប ៩៩រឿង មកពី៣៣ប្រទេស ផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ។

លោក អៀម ទិត្យសីហា អ្នករើសរឿងក្នុងស្រុក (Local Programmer) បានសម្តែងចំណាប់អារម្មណ៍ថា អស់រយៈពេល ១៥ ឆ្នាំមកនេះមហោស្រពភាពយន្តខ្លីចតុមុខបានរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែង និងពង្រីកសហគមន៍សមិទ្ធិករភាពយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្នាំនេះគឺជាការបោះជំហានទៅមុខដ៏ធំធេងមួយទៀត ដោយសារមានការកើនឡើងនូវចំនួនស្នាដៃដែលបានផ្ញើមកចូលរួមពីសំណាក់សមិទ្ធិករក្នុងស្រុកមកពីគ្រប់មជ្ឈដ្ឋាន។

Inline image
លោក អៀម ទិត្យសីហា បានលើកឡើងថា «ក្នុងនាមជាអ្នកជ្រើសរើសភាពយន្តប្រចាំកម្មវិធី អ្វីដែលខ្ញុំស្វែងរកគឺ គំនិតស្នូលរឹងមាំ និង ការនិទានរឿង ច្បាស់លាស់ដែល គ្រប់ធាតុផ្សំ ចាប់តាំងពីអត្ថបទរឿង ការសម្តែង បច្ចេកទេសថត ការរៀបចំពន្លឺ រហូតដល់ការកាត់ត សុទ្ធតែដើរស្របគ្នា យ៉ាងមានហេតុផល និងស៊ីសង្វាក់គ្នា»។

ការជ្រើសរើសភាពយន្តប្រចាំឆ្នាំនេះ ត្រូវបានបែងចែកជាពីរប្រធានបទសំខាន់ៗគឺ «ពិភពក្នុងខ្លួន» ដែលផ្តោតលើការតស៊ូ ប្រជែងខាងផ្លូវចិត្តរបស់តួអង្គ និង «ពិភពជុំវិញខ្លួន» ដែលបង្ហាញពីសម្ពាធសង្គម ដែលបានដាក់មកលើរូបគេ។ បន្ថែមពីនេះ ទៅទៀត យើងក៏មានផ្នែក «ភាពយន្តសិស្ស-និស្សិតកម្ពុជា» ដើម្បីលើកទឹកចិត្ត ដល់យុវជនមានទេពកោសល្យ ដែលកំពុង សិក្សា ឱ្យមានឱកាសបង្ហាញស្នាដៃរបស់ពួកគេផងដែរ។

រីឯ លោក Masoud SOHEILI អ្នករើសរឿងអន្តជាតិ (international programmer) បានលើកឡើងថា ការរៀបចំកម្មវិធីនាឆ្នាំនេះ ទទួលបានស្នាដៃផ្ញើមកចូលរួមរហូតដល់ ៣២៣ស្នាដៃ ដែលជាតួលេខកើនឡើងជិត ៣ដង បើធៀបនឹងឆ្នាំមុន ដែលបានសបញ្ជាក់យ៉ាងច្បាស់ពីភាពរស់រវើកកាន់តែខ្លាំងឡើងនៃវិស័យភាពយន្តខ្លី ព្រមទាំងធ្វើឱ្យការសម្រិតសម្រាំងស្នាដៃប្រចាំឆ្នាំនេះ រឹតតែមានសារៈសំខាន់ជាពិសេស។

លោក Masoud SOHEILI រៀបរាប់ថា «ដំណើរការនៃការវាយតម្លៃពិតជាមានភាពស្វិតស្វាញ និងលំបាកបំផុត ព្រោះគុណភាពជារួមនៃស្នាដៃដែលបានផ្ញើមក មាន ការកើនឡើង គួរឱ្យកត់សម្គាល់ ស្របពេលដែលពេលវេលានៃការចាក់បញ្ចាំងមានកំណត់ ដែលតម្រូវឱ្យយើងខ្ញុំមាន ការសម្រេចចិត្តយ៉ាងម៉ត់ចត់ ក្នុងការជ្រើសរើស។ ហេតុនេះហើយ ទើបស្នាដៃដ៏ឆ្នើមៗជាច្រើនទៀត មិនត្រូវបានរាប់បញ្ចូល នោះឡើយ»។

បន្ថែមពីនេះ មហោស្រពក៏បានបើកទទួលស្នាដៃប្រភេទថ្មីមួយទៀត គឺភាពយន្តដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។ ដោយសារវាជាមធ្យោបាយសិល្បៈដ៏ថ្មីស្រឡាងមួយ បច្ចេកវិទ្យា AI ដែលនូវផ្តល់លទ្ធភាពដល់សមិទ្ធិករភាពយន្តក្នុងការប្រែក្លាយគំនិតច្នៃប្រតិដ្ឋ ជាចំណីចក្ខុកាន់តែអស្ចារ្យឱ្យលេចចេញជារូបរាងឡើង ជាមួយនឹង ការចំណាយលើ ការផលិតទាបជាងមុន ព្រមទាំងជួយទម្លាយព្រំដែននៃការនិទានរឿងក្នុងទម្រង់ជាភាពយន្តខ្លី ឱ្យកាន់តែ គ្មានដែនកំណត់។

អ្វីដែលគួរឱ្យកត់សម្គាល់ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ លើកទី១៥នេះ មានរួមបញ្ចូលភាពយន្តចំនួន ៣រឿង ដែលនិយាយអំពីជីវិតអនិកជនខ្មែរ។ វត្តមាននៃភាពយន្តទាំងនេះសបញ្ជាក់ឱ្យឃើញថា រឿងរ៉ាវរបស់កម្ពុជាពិតជាចាក់ដោតអារម្មណ៍ និងទាក់ទាញចិត្តសមិទ្ធិករភាពយន្តអន្តរជាតិយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យការចាក់បញ្ចាំងជូនទស្សនិកជនទាំងខ្មែរ និងអន្តរជាតិ ទស្សនារឹតតែមានអត្ថន័យជ្រាលជ្រៅ។

សូមជម្រាបថា មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ឆ្នាំ២០២៦ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣០ខែតុលា ដល់ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីបើក និងបិទមហោស្រព ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់ ក្រសួង ស្ថាប័ន និងសមិទ្ធករ និងសិល្បករ ពាក់ព័ន្ធ ក្នុងវិស័យ ភាពយន្តជាច្រើនរូបផងដែរ។

មហោស្រពភាពយន្តខ្លីចតុមុខ លើកទឹកចិត្តឱ្យសាធារណជនមកទស្សនារឿងខ្លីក្នុងមហោស្រពឆ្នាំនេះឱ្យបានច្រើនកុះករ ដោយរឿងខ្លីទាំងអស់នឹងចាក់បញ្ចាំងនៅតាម រោងភាពយន្ត ដូចជា Legend Cinema Olympia, Sabay Cinema, Fable Cinema, ផ្ទះមេត្តា, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, F3, Lumiere Phnom Penh៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3