The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា និងសមាជិកសភា ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌សុខាភិបាល ក្នុងសម័យ AI

កម្ពុជា និងសមាជិកសភា ១៦ ប្រទេស អនុម័ត «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌សុខាភិបាល ក្នុងសម័យ AI
ភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៖ តំណាងសមាជិកសភាមកពី ១៦ ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសម្រេចអនុម័តជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍រួមភ្នំពេញ» (Phnom Penh Joint Statement) ដែលជាឯកសារប្រវត្តិសាស្ត្រថ្មីមួយ ក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ ឱ្យកាន់តែមានសមធម៌ និងភាពធន់ ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិបត្តិប្រែប្រួលអាកាសធាតុ។

ការអនុម័តនេះ បានធ្វើឡើងនៅក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំលើកទី ៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPFGH) ដែលព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍រួមនេះ មិនត្រឹមតែជាការបង្ហាញពីឆន្ទៈនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាផែនទីបង្ហាញផ្លូវសម្រាប់សមាជិកសភាក្នុងតំបន់ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។

ក្នុងនោះ បណ្ដាប្រទេសសមាជិកបានឯកភាពគ្នាលើការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពសេវាសុខាភិបាល។ ទន្ទឹមនឹងនេះ កិច្ចប្រជុំបានសង្កត់ធ្ងន់លើការរៀបចំក្របខ័ណ្ឌច្បាប់ និងបទដ្ឋានសីលធម៌ ដើម្បីធានាថា ការប្រើប្រាស់ AI មិនប៉ះពាល់ដល់ឯកជនភាពរបស់អ្នកជំងឺ និងរក្សាបាននូវតម្លាភាព។

ជុំវិញបញ្ហាប្រែប្រួលអាកាសធាតុត្រូវបានចាត់ទុកជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ សេចក្តីថ្លែងការណ៍បានជំរុញឱ្យមានការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ (Climate-Resilient Health Systems) ដែលអាចឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការឆ្លងរាលដាលនៃជំងឺថ្មីៗដែលបណ្តាលមកពីការប្រែប្រួលបរិស្ថាន។

ចំណុចពិសេសនៃកិច្ចប្រជុំនៅភ្នំពេញនេះ គឺការប្តេជ្ញាចិត្តមិនទុកនរណាម្នាក់ចោល ដោយសមាជិកសភាទាំងអស់បានព្រមព្រៀងគ្នា បង្កើនកិច្ចការពារដល់ក្រុមមនុស្សងាយរងគ្រោះ រាប់ចាប់ពីស្ត្រី កុមារ ជនមានពិការភាព រហូតដល់ជនភៀសសឹកដែលរងគ្រោះដោយសារជម្លោះសង្គ្រាម ដោយធានាថាពួកគេទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌។

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដឹកនាំកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។ វេទិកា APPFGH លើកទី ៩ នេះ ក៏មានការចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ផងដែរ។

សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល គឺជាវេទិកាអន្តររដ្ឋសភាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីពង្រឹងសមត្ថភាពសមាជិកសភាក្នុងការវិភាគ និងអនុម័តច្បាប់ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពសាធារណៈនៅក្នុងតំបន់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3