The Khmer Daily Network Logo

National

55 minutes agoLim_Rothanaksambath

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំប្រតិភូកម្ពុជាទៅកាន់កូរ៉េខាងត្បូង សិក្សាពីការអភិវឌ្ឍ AI និងបដិវត្តន៍រដ្ឋាភិបាលឌីជីថល

ឯកឧត្តម សួស ប្រាថ្នា ដឹកនាំប្រតិភូកម្ពុជាទៅកាន់កូរ៉េខាងត្បូង សិក្សាពីការអភិវឌ្ឍ AI និងបដិវត្តន៍រដ្ឋាភិបាលឌីជីថល
ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងអប់រំ នៃក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូបច្ចេកទេសកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ទស្សនកិច្ចនេះផ្ដោតសំខាន់លើប្រធានបទ «ការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍សម្រាប់រដ្ឋាភិបាល ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Driven Government)»។

ក្នុងនោះ ខ្លឹមសារសំខាន់ៗនៃដំណើរទស្សនកិច្ច គឺ ការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធ AI និង GovTech ដោយគណៈប្រតិភូកម្ពុជាបានស្វែងយល់ពីបទពិសោធន៍ជោគជ័យរបស់កូរ៉េខាងត្បូង ក្នុងការរៀបចំរដ្ឋាភិបាលឌីជីថល (GovTech) ដែលប្រើប្រាស់ AI ជាស្នូល។ នេះរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធទិន្នន័យ (Data Infrastructure) និងការដាក់ចេញនូវគោលនយោបាយនវានុវត្តន៍ ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែរហ័ស និងមានតម្លាភាព។

ក្នុងនោះផងដែរ ឯកឧត្តម សួស ប្រាថ្នា បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញឌីជីថល និង AI គឺជាកត្តាចាំបាច់បំផុត។ ការសិក្សានៅកូរ៉េខាងត្បូង នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីកម្ពុជា ឱ្យដើរទាន់បច្ចេកវិទ្យាទំនើបពិភពលោក។

ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូបានជួបពិភាក្សាជាមួយស្ថាប័នសំខាន់ៗរបស់កូរ៉េ ដូចជាទីភ្នាក់ងារជាតិសង្គមព័ត៌មានវិទ្យា (NIA) ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់កូរ៉េ។

យោងតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការណែនាំផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការធ្វើទំនើបកម្មបច្ចេកវិទ្យាគឺជាអាទិភាពខ្ពស់។

ដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្បាស់ក្នុងការ កាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញតាមរយៈបច្ចេកវិទ្យា AI, ការបង្កើនសុវត្ថិភាពទិន្នន័យ និងសន្តិសុខសាយប័រ និងការរៀបចំប្រព័ន្ធរដ្ឋបាលឌីជីថលដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ
សូមជម្រាបឱ្យដឹងផងដែរថា កូរ៉េខាងត្បូងត្រូវបានគេទទួលស្គាល់ថាជាប្រទេសឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យរដ្ឋាភិបាលឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងមហាផ្ទៃកម្ពុជាមានគោលដៅប្រែក្លាយខ្លួនជាស្ថាប័នគំរូ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើពលរដ្ឋក្នុងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3