National

• 1 hour ago• Lim_Rothanaksambath

អាស៊ានអនុម័តជាផ្លូវការនូវឯកសារទស្សនាទានបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាន (AITC)» ដែលស្នើដោយកម្ពុជា

អាស៊ានអនុម័តជាផ្លូវការនូវឯកសារទស្សនាទានបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាន (AITC)» ដែលស្នើដោយកម្ពុជា


ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងជាប្រធានកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ប្រចាំឆ្នាំ២០២៦ (DGICM Chair) បានអញ្ជើញចូលរួមក្នុងពិធីបើក «កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២០» (20th AMMTC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងម៉ាកាទី សាធារណរដ្ឋហ្វីលីពីន។

នៅក្នុងឱកាសនៃកិច្ចប្រជុំកម្រិតតំបន់ដ៏មានសារៈសំខាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានតំណាងឱ្យស្ថាប័នអន្តោប្រវេសន៍កម្ពុជា រាយការណ៍ជូនអង្គប្រជុំទាំងមូលអំពីលទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបានពី កិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងជោគជ័យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំ AMMTC លើកទី២០ អង្គប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានបានសម្រេចអនុម័តជាផ្លូវការនូវ «ឯកសារទស្សនាទាន» (Concept Papers) យុទ្ធសាស្ត្រចំនួន ០២ ក្នុងក្របខ័ណ្ឌ DGICM រួមមាន៖

1. ឯកសារទស្សនាទានស្តីពីការបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាន» (ASEAN Immigration Training Centre - AITC)៖ ជាគំនិតផ្តួចផ្តើម និងស្នើឡើងដោយព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព មន្ត្រីជំនាញ និងកសាងស្តង់ដាររួមនៃកម្លាំងអន្តោប្រវេសន៍ក្នុងប្លុកអាស៊ាន។
2. ឯកសារទស្សនាទានស្តីពីការបង្កើត «វេទិកាប្រធានកុងស៊ុលនៃក្រសួងការបរទេសអាស៊ាន» (ASEAN Consular Heads Forum)៖ ជាគំនិតផ្តួចផ្តើមស្នើឡើងដោយសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់កិច្ចសម្របសម្រួលផ្នែកកុងស៊ុល និងការការពារពលរដ្ឋក្នុងតំបន់។

ការអនុម័តលើការបង្កើតមជ្ឈមណ្ឌល AITC ក្រោមគំនិតផ្តួចផ្តើមរបស់កម្ពុជានេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីដឹកនាំយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងសហគមន៍អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការលើកកម្ពស់វិជ្ជាជីវៈ ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានបក្សពួកឧក្រិដ្ឋជនរវាងអាជ្ញាធរអន្តោប្រវេសន៍នៃបណ្តារដ្ឋសមាជិកទាំងមូល។

គួរឱ្យដឹងផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) គឺជាយន្តការសម្រេចចិត្តកម្រិតនយោបាយខ្ពស់បំផុតរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនចំនួន ៨ ប្រភេទ រួមមាន៖ ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មសាយប័រ, ការរត់ពន្ធអាវុធ, ការភេរវកម្ម, ការលាងលុយ, ឧក្រិដ្ឋកម្មសេដ្ឋកិច្ចឆ្លងដែន និងការរត់ពន្ធមនុស្ស) រីឯ DGICM គឺជាយន្តការអនុវត្តបច្ចេកទេសផ្ទាល់ក្រោមក្របខ័ណ្ឌនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodia