The Khmer Daily Network Logo

International

1 hour agoLim_Rothanaksambath

កម្ពុជា ស្វាគមន៍នាយទាហានប្តូរវេន ២រូប របស់ឡាវ ក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) សម្រាប់ការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ

កម្ពុជា ស្វាគមន៍នាយទាហានប្តូរវេន ២រូប របស់ឡាវ ក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) សម្រាប់ការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៖ នាយទាហាន នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួន ២រូប គឺ វរសេនីយ៍ទោ KHAMPHET FONGLAMAY និង វរសេនីយ៍ទោ SINGSAVAN VONGSOUVANH ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ការស្វាគមន៍យ៉ាងកក់ក្តៅនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ តាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។

សូមជម្រាបឱ្យដឹងផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ មានពលរដ្ឋចំនួន២០.២៨១នាក់ទៀត ក្នុងនោះ ស្រ្តី១០.៣៣១នាក់ និងកុមារ ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បើទោះបីបទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
ដោយសារអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃ ខេត្តឧត្តរមានជ័យ មានសាលារៀន ៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៥កន្លែងបន្តបិទទ្វារ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១កន្លែងបន្តបិទទ្វារ និងនៅខេត្តព្រះវិហារ មានសាលារៀន ៧កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ២កន្លែងទៀតបន្តបិទទ្វារ។

ក្នុងនោះផងដែរ អំពើឈ្លានពានរបស់ភាគីថៃក៏បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដែលក្នុងនោះទ្រព្យសម្បត្តិឯកជនជាបឋម រួមមាន ផ្ទះ ៩៨០ខ្នង អគារស៊ីវិលឯកជន ៧ អគារស្នាក់នៅ/សណ្ឋាគារ ១០ ស្ថានីយប្រេង ៤ ផ្សារឯកជន ១ រថយន្ត ៣៤គ្រឿង ម៉ូតូ ១០គ្រឿង លានទិញដំឡូង ១ អគារឃ្លាំងទំនិញ ១ បង្គោលអង់តែនទូរសព្ទ ៣ អាងទឹកនិងប្រព័ន្ធទឹកស្អាត ៦កន្លែង ជង្រុកស្រូវ ១ និងសត្វពាហនៈ/សត្វព្រៃ ២ក្បាល។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិសាធារណៈខូចខាតជាបឋម រួមមាន សាលារៀន ២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ សំណង់អគារ ៤២ វត្តអារាម ១៩ សាលាឆទាន ១ រូបសំណាក ២ រថយន្ត ១គ្រឿង ប្រាសាទបុរាណ ៤ ស្ពាន ៥ ផ្សារ ១ ផ្លូវ ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី ៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម។

ហេតុដូចនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាពយូរអង្វែង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2