National

2 hours agoLim_Rothanaksambath

សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងបេសកកម្ម AOT ក្នុងការរក្សាស្ថិរភាពព្រំដែនកម្ពុជា-ថៃ

សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងបេសកកម្ម AOT ក្នុងការរក្សាស្ថិរភាពព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observers Team - AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីស្តាប់របាយការណ៍ និងបូកសរុបការងារសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងជំនួបពិភាក្សានេះ ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់សារជាថ្មីនូវជំហរគាំទ្រយ៉ាងរឹងមាំចំពោះប្រទេសកម្ពុជា និងថៃ ក្នុងការខិតខំប្រឹងប្រែងរួមគ្នារក្សាសន្តិភាព និងការដោះស្រាយរាល់ភាពខ្វែងគំនិតដោយសន្តិវិធី ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិ។

លោកស្រី Aleks Zittle បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីការទូតយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានការសម្រេចបាននូវ «កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ» ជាប្រវត្តិសាស្ត្រ រួមជាមួយដៃគូអាស៊ាន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់យន្តការត្រួតពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដូចជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាដើម ដែលយន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកថែរក្សាស្ថិរភាពតាមព្រំដែន និងលើកកម្ពស់សន្តិសុខរយៈពេលវែងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ការជួបពិភាក្សា និងការបញ្ជាក់ជំហរជាថ្មីរបស់តំណាងសហរដ្ឋអាមេរិកនាពេលនេះ បានធ្វើឡើងក្នុងបរិបទដែលក្រុម AOT កំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមតំបន់ព្រំដែន ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ ធានាតម្លាភាព និងបង្កើនទំនុកចិត្តរវាងភាគីទាំងពីរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia