National

• 1 hour ago• Lim_Rothanaksambath

AOT-KH ចុះផ្ទៀងផ្ទាត់ស្ថានការណ៍នៅច្រកអានសេះ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃ បន្តធ្វើឱ្យពលរដ្ឋខ្មែរជាង ១,០០០នាក់ មិនអាចវិលត្រឡប់ទៅផ្ទះ

AOT-KH ចុះផ្ទៀងផ្ទាត់ស្ថានការណ៍នៅច្រកអានសេះ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃ បន្តធ្វើឱ្យពលរដ្ឋខ្មែរជាង ១,០០០នាក់ មិនអាចវិលត្រឡប់ទៅផ្ទះ



ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ច្រកអានសេះ។

ការចុះសង្កេតការណ៍នេះ ធ្វើឡើងនៅតំបន់ច្រកអានសេះ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងវាយតម្លៃលើការអនុវត្តបទឈប់បាញ់ ដែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ត្រូវបានដាក់ឱ្យអនុវត្ត យោធាថៃនៅតែបន្តសកម្មភាពឯកតោភាគីជាច្រើន ដែលរួមមាន៖ ការដាក់ពង្រាយទូកុងតឺន័រ និងរាយបន្លាលួស ការជីកប្រឡាយ និងសាងសង់លេណដ្ឋាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ។

Inline image
អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤ នាក់ (ស្មើនឹង ៣៥៧ គ្រួសារ) ក្នុងនោះមាន ស្ត្រី ៧១១ នាក់ និង កុមារចំនួន ៥៩៧ នាក់ ដែលរហូតមកទល់ពេលនេះ នៅតែមិនទាន់អាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានដើមរបស់ពួកគេវិញបាននៅឡើយ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ក្នុងការការពារអធិបតេយ្យ និងបូជនីយភាពទឹកដី៖

១. ការគោរពខ្សែព្រំដែនប្រវត្តិសាស្ត្រ៖ កម្ពុជាប្រកាន់ខ្ជាប់នូវខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។
២. ឯកសារបដិសេធការប្រើប្រាស់កម្លាំង៖ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនពាក់ព័ន្ធ ហើយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
៣. ការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង៖ កម្ពុជារក្សាការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ និងសុចរិតក្នុងការអនុវត្តពេញលេញនូវ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីស្វែងរកប្រក្រតីភាពឡើងវិញនៅតាមព្រំដែន៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3