National
• 2 hours ago• Lim_Rothanaksambath
ពលរដ្ឋកម្ពុជាជិត៨០០០នាក់ មិនអាចត្រឡប់ទៅផ្ទះវិញ ស្របពេល AOT-KH ចុះផ្ទៀងផ្ទាត់ការរំលោភបំពាននៅព្រំដែនបន្ទាយមានជ័យ

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីសកម្មភាពចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងការបន្តរំលោភបំពានលើបទឈប់បាញ់ពីសំណាក់ភាគីយោធាថៃ នៅតាមបណ្តោយព្រំដែន។
ប្រភពផ្លូវការពីក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥ នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុច ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសព័ត៌មានដដែលបានសង្កត់ធ្ងន់ថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបាននិងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋានថ្មីៗជាបន្តបន្ទាប់។ ជាមួយគ្នានេះ ភាគីយោធាថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងបានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកបឹងត្រកួន។
សកម្មភាពបង្កការភ័យខ្លាចនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧.៨៧៣ នាក់ ស្មើនឹង ១.៨៦៩ គ្រួសារ (ក្នុងនោះមានកុមារ ១.៨៤៧ នាក់) នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងស្តារជីវភាពរស់នៅឡើងវិញបាននៅឡើយ។
ចំពោះមុខស្ថានភាពនេះ ក្រសួងការពារជាតិបានគូសបញ្ជាក់ជាថ្មីនូវ ជំហរម៉ឺងម៉ាត់ និងដាច់ខាតរបស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris), អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ព្រមទាំងផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនផ្លូវការ និងការមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ក្នុងការអនុវត្តឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើមឡើយដើម្បីស្តារប្រក្រតីភាព និងនាំសន្តិភាពជូនប្រជាពលរដ្ឋនៅតាមព្រំដែនឡើងវិញ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



