National

• 6 days ago• Lim_Rothanaksambath

យោធាថៃរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានមកមុខ ២០ម៉ែត្រពីទីតាំងចាស់ ខណៈ AOT-KH ចុះសង្កេតព្រំដែនកម្ពុជា-ថៃ នៅតំបន់ ច១

យោធាថៃរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានមកមុខ ២០ម៉ែត្រពីទីតាំងចាស់ ខណៈ AOT-KH ចុះសង្កេតព្រំដែនកម្ពុជា-ថៃ នៅតំបន់ ច១


ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអន្តរាគមន៍មួយ បន្ទាប់ពីបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះពិនិត្យ និងផ្ទៀងផ្ទាត់ករណីរំលោភលើការអនុវត្តវិធានការបទឈប់បាញ់ពីសំណាក់យោធាថៃ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តពោធិ៍សាត់។

យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២០ នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT-KH ចុះធ្វើការសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលរបាយការណ៍នៅតំបន់ «ច១» ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុម AOT-KH បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ដែលយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់ ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមាន។

Inline image
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីពីការផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងរំលេចពីតួនាទីមិនអាចខ្វះបានរបស់ AOT ក្នុងការធានាតម្លាភាព គណនេយ្យភាព និងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឱ្យគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងប្រកបដោយស្ថិរភាពយូរអង្វែង។

រាជរដ្ឋាភិបាល និងកងទ័ពជើងគោកកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ដើម្បីឱ្យស្ថានភាពតាមបណ្តោយព្រំដែនវិលត្រឡប់ទៅរកប្រក្រតីភាព និងសន្តិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរឡើងវិញ៕


Inline image
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3