Border Conflict

• 5 days ago• Lim_Rothanaksambath

យោធាថៃកំពុងរំលោភលើដែនអធិបតេយ្យភាពខ្មែរ ខណៈ AOT-KH ឃើញផ្ទាល់ភ្នែកនៅព្រំដែនកម្ពុជា-ថៃ ៣ ទីតាំងក្នុងខេត្តពោធិ៍សាត់

យោធាថៃកំពុងរំលោភលើដែនអធិបតេយ្យភាពខ្មែរ ខណៈ AOT-KH ឃើញផ្ទាល់ភ្នែកនៅព្រំដែនកម្ពុជា-ថៃ ៣ ទីតាំងក្នុងខេត្តពោធិ៍សាត់


ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីសកម្មភាពយ៉ាងសកម្មរបស់ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ក្នុងការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ៣ ទីតាំងផ្សេងគ្នាក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅក្នុងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តែមួយជាមួយគ្នា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៣កន្លែងផ្សេងគ្នា និងបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពរបស់យោធាថៃដែលកំពុងបន្តរំលោភបំពានចូលដែនអធិបតេយ្យភាពទឹកដីកម្ពុជា។

1. វេលាម៉ោង ០៨:១៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំ ស្ពានស្ទឹងមេទឹក៖ ក្រុមសង្កេតការណ៍បានពិនិត្យស្ថានភាពស្ពានស្ទឹងមេទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីខ្សែព្រំដែន ប៉ុន្តែត្រូវបានកងទ័ពអាកាសថៃទម្លាក់គ្រាប់បែកប្រហារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុង។
2. វេលាម៉ោង ០៩:២០ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ «ច១»៖ ក្រុមការងារបាន ចុះពិនិត្យសកម្មភាពរបស់យោធាថៃ ដែលបានធ្វើការរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកទិសខាងមុខប្រមាណ ២០ ម៉ែត្រ ពីទីតាំងចាស់។
3. វេលាម៉ោង ១១:២៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅច្រកជ័យជំនះ៖ AOT-KH បានចុះផ្ទៀងផ្ទាត់ទីតាំងអធិបតេយ្យរបស់កម្ពុជា ដែលត្រូវយោធាថៃវាយប្រហារ រាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រចំនួន ៥២ គ្រឿង និងកាន់កាប់ដោយខុសច្បាប់ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន។ បន្ថែមពីនេះ ភាគីថៃបានសាងសង់បង្គោលទង់ជាតិថ្មីចំនួន ០២ បន្តធ្វើផ្លូវ កែលម្អលេណដ្ឋាន និងជីកប្រឡាយឱ្យកាន់តែជ្រៅថែមទៀត។

ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ការចុះសង្កេតការណ៍របស់អាស៊ាននៅច្រកជ័យជំនះ បានស្តែងឱ្យឃើញពី «ភាពចាំបាច់ជាដាច់ខាត» ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញដោយសុវត្ថិភាព និងកិត្តិយស។

ជាមួយគ្នានេះ កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris), អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម និងបណ្តាកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា។

កម្ពុជា បានសង្កត់ធ្ងន់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ សុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពយូរអង្វែង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
វេលាម៉ោង ១១:២៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅច្រកជ័យជំនះ
វេលាម៉ោង ១១:២៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅច្រកជ័យជំនះ
ទីតាំងទី2. វេលាម៉ោង ០៩:២០ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ «ច១»
ទីតាំងទី2. វេលាម៉ោង ០៩:២០ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ «ច១»
ទីតាំងទី 1. វេលាម៉ោង ០៨:១៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងស្ពានស្ទឹងមេទឹក
ទីតាំងទី 1. វេលាម៉ោង ០៨:១៥ នាទីព្រឹក ក្រុម AOT-KH បានចុះទៅចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងស្ពានស្ទឹងមេទឹក