National

• 1 week ago• Lim_Rothanaksambath

AOT-KH ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ខេត្តបាត់ដំបង ក្រោយបិទទ្វារផ្អាកដំណើរការតាំងពីខែមិថុនា ឆ្នាំ២០២៥

AOT-KH ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ខេត្តបាត់ដំបង ក្រោយបិទទ្វារផ្អាកដំណើរការតាំងពីខែមិថុនា ឆ្នាំ២០២៥


ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៦នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីបទឈប់បាញ់បានចូលជាធរមាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បេសកកម្មចុះពិនិត្យរបស់ក្រុម AOT-KH នាពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្ទៀងផ្ទាត់លើការគោរព និងការអនុវត្តវិធានការទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម ព្រមទាំងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

Inline image
ក្រសួងការពារជាតិបានគូសបញ្ជាក់ថា ទីតាំងច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) នេះ ត្រូវបានផ្អាកដំណើរការ និងបិទទ្វារចាប់តាំងពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ បន្ទាប់ពីភាគីថៃបានសម្រេចចិត្តបិទដោយឯកតោភាគី អំឡុងពេលមានភាពតានតឹង និងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវឯកសារគតិយុត្ត និងកិច្ចព្រមព្រៀងសំខាន់ៗរួមមាន៖ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញឱ្យស្ថានភាពតាមព្រំដែនមានភាពប្រសើរឡើងវិញឆាប់រហ័ស និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គួរឱ្យដឹងផងដែរថា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee - GBC) គឺជាយន្តការកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខព្រំដែនកម្រិតខ្ពស់ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះផ្ទៀងផ្ទាត់នៅទីតាំងផ្ទាល់ គឺជាយន្តការអន្តរជាតិដ៏សំខាន់មួយដើម្បីធានានូវតម្លាភាព ទំនុកចិត្ត និងការគោរពបទឈប់បាញ់ក្រោយជម្លោះព្រំដែនឆ្នាំ២០២៥។

ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) នៅស្រុកសំពៅលូន ខេត្តបាត់ដំបង គឺជាច្រកសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដូចជា ពោត ដំឡូងមី និងផ្លែឈើផ្សេងៗទៅកាន់ទីផ្សារប្រទេសថៃ។ ការវិលទៅរកប្រក្រតីភាពឡើងវិញនៅតំបន់នេះ នឹងជួយស្តារជីវភាព និងចរន្តពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋតាមព្រំដែនឡើងវិញ៕

Inline image
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3