National

• 1 hour ago• Lim_Rothanaksambath

AOT-KH កំពុងសង្កេតការណ៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ យោធាថៃដាក់ពង្រាយរថក្រោះ ២គ្រឿងចម្ងាយត្រឹម ២៥០ម៉ែត្រពីក្រុម AOT

AOT-KH កំពុងសង្កេតការណ៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ យោធាថៃដាក់ពង្រាយរថក្រោះ ២គ្រឿងចម្ងាយត្រឹម ២៥០ម៉ែត្រពីក្រុម AOT
ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជម្រាបជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីសកម្មភាពចុះសង្កេតការណ៍ផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជុំវិញការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ និងការបន្តរំលោភបំពានលើបទឈប់បាញ់ពីសំណាក់ភាគីយោធាថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៥៤ នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ចុះធ្វើបេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលរបាយការណ៍ជាក់ស្តែង នៅតំបន់ដែលមានការដាក់ពង្រាយ រថក្រោះចំនួន ០២ គ្រឿង ដោយយោធាថៃ ស្ថិតក្នុងចម្ងាយប្រមាណ ២៥០ ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរជើង ត្រង់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក យោធាថៃនៅតែបន្តធ្វើសកម្មភាពរាយបន្លាលួស ដាក់ទូកុងតឺន័រ ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ភូមិជោគជ័យ។

សកម្មភាពគំរាមកំហែង និងបង្កការភ័យខ្លាចនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាស្លូតត្រង់ចំនួន ៣.៩៥១ នាក់ ស្មើនឹង ១.០៤៥ គ្រួសារ (ក្នុងនោះមានកុមារ ១.១៥៥ នាក់) នៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក និងមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញបាននៅឡើយ។

ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ AOT-KH បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញយ៉ាងច្បាស់នូវ ផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលពលរដ្ឋកម្ពុជាកំពុងប្រឈម។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញពី ភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងកិត្តិយស។

ជាមួយគ្នានេះ កម្ពុជាបានប្រកាសឡើងវិញនូវ ជំហរម៉ឺងម៉ាត់មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដោយឈរលើច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនផ្លូវការ។

កម្ពុជាបន្តអះអាងពីការប្តេជ្ញាចិត្តស្មោះត្រង់ក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀង GBC ដើមឡើយដើម្បីស្តារប្រក្រតីភាព និងនាំសន្តិភាពជូនប្រជាពលរដ្ឋនៅតាមព្រំដែនឡើងវិញ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3