National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា និងនូវែលសេឡង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ខណៈរាជរដ្ឋាភិបាលបញ្ជាក់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

កម្ពុជា និងនូវែលសេឡង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ខណៈរាជរដ្ឋាភិបាលបញ្ជាក់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី


ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន លៀវហ្វាឡានី (Raylene Liufalani) ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរទៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងការបរទេស។


នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកជំទាវ រ៉េឡែន លៀវហ្វាឡានី ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា។ លោកជំទាវក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញពីសំណាក់ក្រសួងការបរទេសកម្ពុជា ដើម្បីធានាឱ្យបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ និងផ្លែផ្កាជាអតិបរមា។


ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពសំខាន់ៗជាច្រើន រួមមាន៖ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស, វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារ, ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹក, ការលើកកម្ពស់សិទ្ធិស្ត្រី និងយុវជន, សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។


ក្នុងនោះ ភាគីទាំង២ បានវាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ត្រូវបានចាត់ទុកជាកាតាលីករដ៏សំខាន់ក្នុងការរ៉ាប់រង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានជម្រៅ។

Inline image

ជាការកត់សម្គាល់ នៅក្នុងជំនួបការទូតនេះ លោកជំទាវ អ៊ាត សោភា ក៏បានជម្រាបជូនភាគីនូវែលសេឡង់ អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។


មុននឹងបញ្ចប់ជំនួប លោកជំទាវ រ៉េឡែន លៀវហ្វាឡានី ឯកអគ្គរដ្ឋទូតនូវែលសេឡង់ បានសម្តែងនូវការអរគុណ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតក្នុងអាណត្តិការទូតរបស់លោកជំទាវ៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក 
ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation