National

• 10 hours ago• Lim_Rothanaksambath

ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទអាស៊ាននៅហាណូយ ដើម្បីលុបបំបាត់ជម្រកជនល្មើសឆ្លងដែន

ក្រសួងមហាផ្ទៃកម្ពុជា ចូលរួមសន្និសីទអាស៊ាននៅហាណូយ ដើម្បីលុបបំបាត់ជម្រកជនល្មើសឆ្លងដែន
ភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំង ធ្វើដំណើរទៅដល់រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាព កាលពីនាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន”។

បេសកកម្មផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅប្រទេសវៀតណាមនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tam Quang) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រភពផ្លូវការពីក្រសួងមហាផ្ទៃ សន្និសីទជាន់ខ្ពស់ថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌសហគមន៍អាស៊ាន ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
• ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន៖ បង្កើនប្រសិទ្ធភាពនៃការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងកិច្ចសហការបច្ចេកទេសរវាងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់។
• បង្ក្រាប និងតាមចាប់ខ្លួនជនល្មើសរត់គេចខ្លួន (Fugitives)៖ បង្កើនយន្តការតាមដាន ស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើសដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួនពីប្រទេសមួយទៅពួនសម្ងំក្នុងប្រទេសមួយទៀតនៅក្នុងតំបន់អាស៊ាន។
• ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ (Best Practices)៖ ចែករំលែកយុទ្ធសាស្ត្រ បច្ចេកទេស និងបទពិសោធន៍ជោគជ័យនៃការអនុវត្តច្បាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសឆ្លងដែនទំនើបៗ។
• ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖ ធានាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ានទាំងមូល។

បេសកម្មឆ្លងប្រទេសរបស់ប្រមុខក្រសួងមហាផ្ទៃនៅទឹកដីប្រទេសវៀតណាមនាពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបិទបញ្ចប់សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាផ្លូវការ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។

Inline image

យោងតាមរបាយការណ៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានរំលេចលទ្ធផល គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាប បោសសម្អាត សរុបចំនួន៦៦៥ទីតាំង និង បានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។

ទន្ទឹមនឹងនោះ ក្នុងកម្មវិធីបើកនៃសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ហើយប្រទេសកម្ពុជា «នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។

កម្ពុជា ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3