National
• 9 hours ago• Lim_Rothanaksambath
ក្រសួងសុខាភិបាល ណែនាំវិធានការសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈការពុលស្រានៅតែជាចំនុចដែលត្រូវសង្កត់ធ្ងន់

ភ្នំពេញ, ថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវ និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនគ្រប់រូប ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងអំឡុងពេលប្រពៃណីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ខាងមុខនេះ។
ការណែនាំនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យពិធីបុណ្យជាតិដ៏ធំមួយនេះប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព និងសុវត្ថិភាព ព្រមទាំងទប់ស្កាត់ហានិភ័យសុខភាពសាធារណៈជាយថាហេតុ រួមមានការពុលចំណីអាហារ ការពុលស្រា គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាម។
ក្នុងនោះ ក្រសួងសុខាភិបាល បានផ្តោតសំខាន់លើចំណុច ៣ ធំៗ គឺ វិធានការបង្ការការពុលចំណីអាហារ និងការពុលស្រា, ការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ និង ការបង្ការជំងឺឆ្លងផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។
១. វិធានការបង្ការការពុលចំណីអាហារ និងការពុលស្រា៖
• អនាម័យចំណីអាហារ៖ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ជាពិសេសមុនពេលចាប់កាន់អាហារ និងបន្ទាប់ពីប៉ះពាល់ ឬបោចសម្អាតបសុបក្សី។
• ការចម្អិន និងរក្សាទុក៖ ត្រូវចម្អិនសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រឱ្យបានឆ្អិនល្អ (ចៀសវាងពិសារស៊ុតជ័រព្នៅ)។ ត្រូវទុកដាក់អាហារឆៅ និងអាហារឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ មិនត្រូវរក្សាទុកអាហារឆ្អិននៅសីតុណ្ហភាពធម្មតាហួសច្រើនម៉ោងឡើយ (រក្សាក្នុងសីតុណ្ហភាពត្រជាក់តិចជាង ៥អង្សាសេ ឬក្តៅលើសពី ៦០អង្សាសេ) ដោយអនុវត្តគោលការណ៍ «ចម្អិនមួយពេល ហូបមួយពេល» ដើម្បីចៀសវាងអាហារផ្អូមបង្កជាជំងឺរាក ឬក្អួត។
• ប្រភពទឹក និងសារធាតុគីមី៖ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមល្អ មិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម និងអាហារហួសកាលកំណត់ឡើយ។
• ការទប់ស្កាត់ការពុលស្រា៖ ក្រសួងបានសង្កត់ធ្ងន់ថា «មេតាណុល មិនមែនជាមេស្រាឡើយ»។ ក្រសួងហាមដាច់ខាតនូវការយកសារធាតុមេតាណុលមកលាយធ្វើស្រាស ឬស្រាថ្នាំ។ ត្រូវបញ្ឈប់ជាដាច់ខាតនូវការផលិត បិត ឬលក់ដូរស្រាស និងស្រាថ្នាំគ្មានបច្ចេកទេសត្រឹមត្រូវ ហើយប្រជាពលរដ្ឋហាមទិញ ឬពិសាស្រាស/ស្រាថ្នាំដែលមានសារធាតុមេតាណុលជាដាច់ខាត ព្រោះអាចបណ្តាលឱ្យបាត់បង់ជីវិត។
២. ការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ ៖
• ជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព ចៀសវាងការជិះយានយន្តដែលមានផ្ទុកមនុស្ស ឬទំនិញច្រើនហួសហេតុ។
• គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ និងដាច់ខាត «កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន» ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចបង្កឱ្យមានការរបួស ឬបាត់បង់ជីវិត។
៣. ការបង្ការជំងឺឆ្លងផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី និងជំងឺគ្រុនឈាម ៖
• អនាម័យផ្លូវដង្ហើម៖ ត្រូវខ្ទប់មាត់ ឬច្រមុះ ដោយប្រើប្រាស់ម៉ាស កន្សែង ឬផ្នត់កែងដៃ នៅពេលក្អក ឬកណ្តាស់ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាលឡើយ។
• ការប្រុងប្រយ័ត្នលើបសុបក្សី៖ ហាមប៉ះពាល់ ឬហូបសាច់មាន់ទាដែលឈឺ ឬងាប់។ ត្រូវពាក់ស្រោមដៃ និងម៉ាស/ក្រមា នៅពេលធ្វើម្ហូបអាហារបសុបក្សី និងត្រូវស្រុះទឹកពុះមុនបោចរោម។
• ការលុបបំបាត់ជម្រកមូស៖ ត្រូវរស់នៅស្អាត ធ្វើអនាម័យជុំវិញផ្ទះសម្បែងឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងកាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូសខ្លា។
• សញ្ញាអាសន្ននៃជំងឺគ្រុនឈាម៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ ក្រសួងហាមដាច់ខាតនូវការសាកល្បងព្យាបាលដោយខ្លួនឯង ឬពន្យារពេលព្យាបាលនៅសេវាឯកជនដែលគ្មានសមត្ថភាពព្យាបាលជំងឺគ្រុនឈាម។
បន្ថែមពីលើនោះ ក្រសួងសុខាភិបាល បានស្នើសុំឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ/សង្កាត់ ចុះណែនាំ និងត្រួតពិនិត្យការអនុវត្តវិធានការសុវត្ថិភាពចំណីអាហារនៅតាមទីតាំងនានា និងជាពិសេសនៅតាមទីវត្តអារាម។ អាជ្ញាធរ ត្រូវជួយរៀបចំការទុកដាក់ម្ហូបអាហារឱ្យបានល្អ ចៀសវាងការទុកដាក់ច្របូកច្របល់គ្នា ព្រមទាំងចុះទប់ស្កាត់ការផលិត និងលក់ដូរស្រាស ស្រាថ្នាំ លាយសារធាតុមេតាណុលនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការចាត់វិធានការយ៉ាងម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាលនាពេលនេះ ជាការឆ្លើយតបនឹងបញ្ហាចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលកំពុងប្រារព្ធពិធីប្រពៃណី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅតាមទីវត្តអារាម ភូមិស្រុកនានា។
ជាក់ស្តែង ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ការរៀបចំចង្ហាន់យកទៅប្រកេនព្រះសង្ឃនៅតាមវត្តអារាមច្រើនតែត្រូវទុកចោលយូរម៉ោង ដែលអាចបណ្តាលឱ្យម្ហូបអាហារងាយផ្អូម ឬឆ្លងបាក់តេរី។ ចំណែក ករណីពុលស្រាសលាយសារធាតុមេតាណុល ក៏ធ្លាប់ជាបញ្ហាប្រឈមធ្ងន់ធ្ងរនាពេលកន្លងមក ដែលតម្រូវឱ្យមានការរឹតបន្តឹង និងណែនាំជាប្រចាំពីក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី។ ដូច្នេះ ការចេញវិធានការនេះ ជាការក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់សាធារណជនគ្រប់រូប ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



