National

• 2 hours ago• Lim_Rothanaksambath

កម្ពុជា បញ្ចប់ការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនយោបាយ ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ខាងមុខ

កម្ពុជា បញ្ចប់ការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនយោបាយ ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ខាងមុខ
ភ្នំពេញ, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៖ ក្រោមអធិបតីភាព និងការដឹកនាំយ៉ាងសកម្មរបស់ព្រះរាជាណាចក្រកម្ពុជា កិច្ចចរចាចំនួន ១០ ជុំ នៃគណៈកម្មាធិការតាក់តែងឯកសាររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ត្រូវបានប្រកាសបញ្ចប់ដោយជោគជ័យជាស្ថាពរ បន្ទាប់ពីដំណើរការពិភាក្សាយ៉ាងម៉ត់ចត់ចាប់តាំងពី ថ្ងៃទី០៣ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

លទ្ធផលជាផ្លែផ្កានៃជំនួបចរចាទ្វេភាគី និងពហុភាគីក្នុងរយៈពេលជិតមួយខែកន្លងមកនេះ គឺការសម្រេចបាននូវ «សេចក្តីព្រាងសេចក្តីសម្រេចចិត្តនយោបាយ» (Draft Political Resolution) ជាច្រើនទំព័រ ដែលផ្តោតលើអាទិភាពធំៗចំនួន ៣ រួមមាន៖ ការវាយតម្លៃ និងឆ្លើយតបចំពោះស្ថានភាពវិបត្តិ ក្នុងចំណោមប្រទេសជាសមាជិកប្រើប្រាស់ភាសាបារាំង, យន្តការ និងវិធីសាស្ត្រក្នុងការចាកចេញពីវិបត្តិ ដោយសន្តិវិធី និងការស្ដារស្ថិរភាពឡើងវិញ និងការរៀបចំយុទ្ធសាស្ត្រពង្រឹងសន្តិភាព ប្រកបដោយចីរភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី (Espace Francophone)។

ឯកសារសេចក្តីព្រាងសេចក្តីសម្រេចចិត្តនយោបាយដ៏មានសារៈសំខាន់នេះ នឹងត្រូវយកទៅដាក់ជូនបណ្តា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិក OIF ទាំង ៨៨ ដើម្បីពិនិត្យ អនុម័ត និងទទួលយកជាផ្លូវការ នាឱកាស កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងរាជធានីភ្នំពេញ នា ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។


គួរឱ្យដឹងផងដែរថា ការទទួលបន្ទុកដឹកនាំគណៈកម្មាធិការតាក់តែងឯកសារនេះ ស្តែងឱ្យឃើញពីការទុកចិត្ត និងការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ លើសមត្ថភាពការទូតរបស់កម្ពុជា ក្នុងការសម្របសម្រួលមតិខុសគ្នារវាងបណ្តាប្រទេសជាសមាជិកមកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិក។


នេះគឺជាព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះមិនត្រឹមតែលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងបើកឱកាសសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍យ៉ាងធំធេង។


សេចក្តីសម្រេចចិត្តនេះនឹងក្លាយជា «ផែនទីចង្អុលផ្លូវ» (Roadmap) សម្រាប់អង្គការ OIF ក្នុងការជ្រែកចូលដោះស្រាយជម្លោះ តស៊ូមតិដើម្បីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការរក្សាសន្តិភាពក្នុងពិភពលោកដែលកំពុងជួបប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2