National

• 2 hours ago• Lim_Rothanaksambath

ពិធីសាសនាដ៏ធំត្រូវបានរៀបចំឡើងនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ដើម្បីនាំព្រលឹងដូនតាត្រឡប់មកជួយថែរក្សាទឹកដីអង្គរឡើងវិញ

ពិធីសាសនាដ៏ធំត្រូវបានរៀបចំឡើងនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ដើម្បីនាំព្រលឹងដូនតាត្រឡប់មកជួយថែរក្សាទឹកដីអង្គរឡើងវិញ
ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២ អង្គ ស្ថិតនៅអមខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពមួយទៀតនៃការប្រមូលផ្តុំឡើងវិញនូវសម្បត្តិបេតិកភណ្ឌជាតិដែលបានបាត់បង់ និងការលើកកម្ពស់សោភ័ណភាព បទដ្ឋានអភិរក្ស និងជំនឿសាសនានៅក្នុងរមណីយដ្ឋានអង្គរ។

ពិធីផ្លូវការនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា, លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា, លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រសួងវប្បធម៌ អគ្គនាយក អគ្គនាយករង តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រី-បុគ្គលិកបច្ចេកទេសជាច្រើនរូប។ អង្គពិធីទាំងមូលក៏មានការនិមន្ត សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនាពេលនេះ មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់មហានគរខ្មែរ ដោយបាននាំមកនូវ «ព្រលឹងដូនតា» ឱ្យត្រឡប់មកជួយថែរក្សាទឹកដីអង្គរឡើងវិញ។

លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង ​សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អាជ្ញាធរជាតិអប្សរា ​បាន​ថ្លែង​ថា «ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះនេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោង​ទ្វារជ័យ ​នា​ក្រុង​អង្គរធំ​ថ្ងៃនេះ ​គឺ​មាន​អត្ថន័យ​​យ៉ាង​ខ្លាំង​ស​ម្រាប់​មហា​​នគរខ្មែរ។ ​​ពិធី​នេះ​​មាន​សារៈ​សំខាន់ ដោយបាននាំព្រលឹង​របស់​ដូនតា​ខ្មែរ​ឱ្យ​វិល​ត្រឡប់​​មក​ជួយ​ថែរក្សា​អង្គរ​ឡើង​វិញ​ព្រម​ទាំង​មាន​សន្តិភាព ដោយហេតុថាខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្រ្ត ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធធ្វើពិធីសំខាន់ៗ ដូចជាពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ ជាដើម»។

ខ្លោងទ្វារជ័យ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលព្រះមហាក្សត្រខ្មែរបុរាណតែងតែប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងចេញទៅសមរភូមិ។ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈ មិនត្រឹមតែបន្ថែមសោភ័ណភាពដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាផលិតផលទេសចរណ៍វប្បធម៌ថ្មី សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងបើកទូលាយជូនប្រជាពលរដ្ឋបានធ្វើសក្ការៈបូជាតាមជំនឿ។ រូបចម្លាក់នៅខ្លោងទ្វារជ័យបានឆ្លងកាត់ប្រវត្តិសាស្ត្រទាំងគ្រារុងរឿង និងគ្រាលំបាកនៃសង្គ្រាមជាច្រើនជំនាន់ ដោយនៅតែបន្តឈរអមការពារទឹកដី និងរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរគ្រប់កាលៈទេសៈ។

នៅសងខាងផ្លូវចូលខ្លោងទ្វារជ័យ ក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុប ១០៨ អង្គ។ ដោយសារផលប៉ះពាល់ពីសង្គ្រាមរ៉ាំរ៉ៃ ព្រះសិរចម្លាក់ធ្វើអំពីថ្មភក់ភាគច្រើនបានបែកបាក់ និងបាត់បង់ស្ទើរតែទាំងស្រុង ដោយខ្លះត្រូវបានកប់ក្នុងដី ខ្លះស្ថិតនៅអភិរក្សដ្ឋាន និងខ្លះទៀតត្រូវបាននាំចេញទៅក្រៅប្រទេសដោយខុសច្បាប់។

រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ (UNESCO, បារាំង, ជប៉ុន, សហរដ្ឋអាមេរិក) តាមរយៈការធ្វើកំណាយស្រាវជ្រាវ ការប្រមូលពីអភិរក្សដ្ឋាន និងសារមន្ទីរ ព្រមទាំងការទាមទារត្រឡប់មកវិញពីបរទេស។ ក្រុមការងារជំនាញបានស្វែងរក និងផ្គុំព្រះសិរជិតគ្រប់ចំនួនវិញហើយ ដោយនៅខ្វះតែ ៣ អង្គប៉ុណ្ណោះ ដែលកំពុងរក្សាទុកនៅសារមន្ទីរបរទេស ហើយកម្ពុជាកំពុងបន្តចរចាដើម្បីស្វែងរកការបញ្ជូនត្រឡប់មកវិញនាពេលខាងមុខ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ក្នុងឱកាសនេះ លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជាបានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោកបានបញ្ជាក់ថា UNESCO បានបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) តាំងពីឆ្នាំ១៩៩៣ មក ដែលជាកិច្ចសហប្រតិបត្តិការអភិរក្សអង្គរយ៉ាងរឹងមាំជាង ៣០ ឆ្នាំមកហើយ។ ចំណែកឯ លោកស្រី Katherine Diop បានលើកឡើងពីអនុស្សារណៈនៃការយោគយល់គ្នា (MoU) ផ្នែកសម្បត្តិវប្បធម៌រវាងកម្ពុជា និងអាមេរិក។ កន្លងមក ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ អាមេរិកបានសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណសិល្បៈខ្មែរប្រមាណ ៩០០ វត្ថុ ឱ្យត្រឡប់មកកម្ពុជាវិញ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា យុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» គឺជាស្តែងឱ្យឃើញពីផ្លែផ្កានៃ សុខសន្តិភាព និងស្ថិរភាពពេញលេញ នៅកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកជំនាញបេតិកភណ្ឌក្នុងការយកចម្លាក់ដើមទៅដាក់តម្កល់នៅទីតាំងប្រវត្តិសាស្ត្រដើមវិញ។ សកម្មភាពនេះស្របគ្នាយ៉ាងខ្ជាប់ខ្ជួនទៅនឹងទស្សនៈគោលនយោបាយថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្សតទៅ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3