National

• 1 hour ago• Lim_Rothanaksambath

សម្ដេចព្រះឧត្តមវង្សា គូ សុភាព ដាស់តឿនពុទ្ធបរិស័ទ និងអាជីវករឱ្យរួមគ្នាកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក នាពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ

សម្ដេចព្រះឧត្តមវង្សា គូ សុភាព ដាស់តឿនពុទ្ធបរិស័ទ និងអាជីវករឱ្យរួមគ្នាកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក នាពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ
ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ ដោយមើលឃើញពីបញ្ហាការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងច្រើន នាអំឡុងពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌ ឆ្នាំ២០២៦នេះ សម្ដេចព្រះឧត្តមវង្សា គូ សុភាព បានសម្តែងនូវការយកចិត្តទុកដាក់ និងបានចេញសារអំពាវនាវបែបអប់រំ និងដាស់តឿនស្មារតីដល់ពុទ្ធបរិស័ទ ព្រមទាំងអាជីវករទាំងអស់ ឱ្យរួមគ្នាកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិកដែលមិនចាំបាច់។

តាមរយៈសារអប់រំ សម្ដេចព្រះឧត្តមវង្សា គូ សុភាព បានផ្តល់ជាយោបល់ និងសំណូមពរចំនួន ២ ចំណុចសំខាន់ៗ៖

• សម្រាប់ពុទ្ធបរិស័ទ/អ្នកទិញ៖ លើកទឹកចិត្តឱ្យមានការរៀបចំ ឬប្រើប្រាស់សម្ភារផ្សេងទៀតជំនួសឱ្យថង់ប្លាស្ទិក នៅពេលអញ្ជើញទៅទិញទំនិញ ឬចង្ហាន់ ដូចជា កន្ត្រក ប្រអប់អាហារ ឬថង់បរិស្ថាន/ថង់ក្រណាត់។
• សម្រាប់អាជីវករ/អ្នកលក់៖ ស្វែងរកជម្រើសសម្ភារវេចខ្ចប់ដែលសមស្របនឹងបរិស្ថាន ដូចជា ស្លឹកចេក ក្រដាស ឬប្រអប់ជីវម៉ាស ឬសាកសួរអ្នកទិញជាមុនថា តើចាំបាច់ត្រូវច្រកថង់ប្លាស្ទិកបន្ថែមដែរឬទេ ដើម្បីចៀសវាងការប្រើប្រាស់ប្លាស្ទិកជាន់លើប្លាស្ទិកដោយមិនចាំបាច់។

ការចូលរួមរបស់ព្រះសង្ឃក្នុងការផ្សព្វផ្សាយសារបរិស្ថាន គឺជាការឆ្លុះបញ្ចាំងពី «ព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម» ដែលចាត់ទុកការថែរក្សាធម្មជាតិ និងបរិស្ថានរស់នៅ ជាកាតព្វកិច្ចសីលធម៌មួយរបស់ពុទ្ធសាសនិក។ ការកាត់បន្ថយប្លាស្ទិកមិនត្រឹមតែជួយកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាងកុសលតាមរយៈការមិនបង្កើតផលប៉ះពាល់ដល់សុខភាពសាធារណៈ សត្វពាហនៈ និងប្រព័ន្ធអេកូឡូស៊ី។

Inline image
សារអំពាវនាវនេះ បានស្តែងឱ្យឃើញពីការគាំទ្រយ៉ាងសកម្មដល់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបាន និងកំពុងកៀរគរការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស។

យោងតាមទិន្នន័យរបស់ក្រសួងបរិស្ថាន ប្រជាពលរដ្ឋកម្ពុជាក្នុងម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមប្រមាណ ៥ ថង់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យបរិមាណថង់ប្លាស្ទិកប្រើប្រាស់នៅទូទាំងប្រទេសមានរហូតដល់រាប់សិបលានថង់ក្នុងមួយថ្ងៃៗ។ ការកាត់បន្ថយការច្រកថង់ប្លាស្ទិកពីអាជីវករ និងអ្នកទិញ គឺជាជំហានគន្លឹះក្នុងការកាត់បន្ថយទំហំសំណល់នៅតាមទីលានចាក់សំរាម និងតាមប្រឡាយទឹក៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3