National

• 1 hour ago• Lim_Rothanaksambath

កម្លាំងនគរបាលជាតិ បង្ក្រាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជិត ៦០០នាក់ ខណៈមេខ្លោងជាជនជាតិថៃ

កម្លាំងនគរបាលជាតិ បង្ក្រាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជិត ៦០០នាក់ ខណៈមេខ្លោងជាជនជាតិថៃ
ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ ក្នុងការបន្តរឹតបន្តឹងសន្តិសុខសង្គម និងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសស៊ីសង និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការធំមួយបង្ក្រាបទីតាំងល្បែងភ្នាល់តាមអនឡាញ (Game Betting) ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជិត ៦០០នាក់។

ប្រតិបត្តិការបំបែកសំណុំរឿងបទល្មើសឌីជីថលនេះ បានប្រព្រឹត្តទៅនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលបានចុះបង្ក្រាប និងឆែកឆេរនៅទីតាំងអគារកញ្ចក់ កម្ពស់ ៣០ជាន់ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់នៅលើទីតាំងកើតហេតុដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ។

ក្នុងនោះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងច្បាស់លាស់តាមនីតិវិធីច្បាប់។

យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងប្រតិបត្តិការចុះឆែកឆេរ និងឃាត់ខ្លួននេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥៩១ នាក់ (ស្ត្រីចំនួន ១០៦ នាក់)។ សមាសភាពជនសង្ស័យរួមមាន៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន ៥១៨ នាក់ (ស្រី ៧៦ នាក់), ជនជាតិខ្មែរ ចំនួន ៥១ នាក់ (ស្រី ២៣ នាក់) និង ជនជាតិថៃ ចំនួន ២២ នាក់ (ស្រី ៧ នាក់)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Policeប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police
ផ្អែកតាមលទ្ធផលស្រាវជ្រាវបឋមរបស់សមត្ថកិច្ច បានបង្ហាញថា មេខ្លោងនៃបទល្មើសឆបោក និងល្បែងភ្នាល់តាមអនឡាញនៅទីតាំងនេះ គឺជាជនជាតិថៃ។ បន្ថែមពីលើនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារ ឧបករណ៍បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកបម្រើឱ្យសកម្មភាពបទល្មើសជាច្រើនគ្រឿង ដើម្បីយកទៅធ្វើកោសល្យវិច័យ និងចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥៩១នាក់ ត្រូវ​បានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង និងបន្តនីតិវិធីសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។ ចំពោះជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើស នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់កម្ពុជា ព្រមទាំងវិធានការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលុបបំបាត់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Crime / Online Gambling) ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3