National

• 1 hour ago• Lim_Rothanaksambath

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៤៩៤នាក់ មាន ២៨សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៤៩៤នាក់ មាន ២៨សញ្ជាតិ ចេញពីកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ
ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៤៩៤នាក់ (ស្រ្តី ៥២នាក់) មាន ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងប្រតិបត្តិការរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់ផ្លូវការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ។


ប្រតិបត្តិការបណ្ដេញចេញជាបន្តបន្ទាប់នេះ ត្រូវបានអនុវត្តឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងបញ្ជាដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់។

ជនបរទេសទាំង ២៨សញ្ជាតិ ដែលត្រូវបណ្ដេញចេញ រួមមាន៖ ចិន, វៀតណាម, ថៃ, ឥណ្ឌូនេស៊ី, ឥណ្ឌា, ហ្វីលីពីន, ម៉ាឡេស៊ី, ជប៉ុន, ចិនតៃវ៉ាន់, បង់ក្លាដេស, ប៉ាគីស្ថាន, នេប៉ាល់, ស្រីលង្កា, តាជីគីស្ថាន, ទុយនេស៊ី, រុស្ស៊ី, បារាំង, អង់គ្លេស, ស៊ុយអែត, អូស្ត្រាលី, អាហ្វ្រិកខាងត្បូង, កាមេរូន, កូឌឺវ័រ, កេនយ៉ា, នីហ្សេរីយ៉ា, យូហ្គង់ដា, សេរ៉ាឡេអូន និងហ្គាណា។

ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិវៀតណាមចំនួន ២៣នាក់ (ស្រី ០៥នាក់) ដែលពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានអាជ្ញាធរបណ្ដេញចេញតាមជើងហោះហើរពិសេស និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDIប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI
ដោយឡែក ជនបរទេសផ្សេងទៀត ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិតេជោ បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវរកឃើញការប្រព្រឹត្តបទល្មើសជាច្រើនករណី រួមមាន៖ ការលួចឆ្លងដែនខុសច្បាប់ និងការស្នាក់នៅគ្មានលិខិតឆ្លងដែន, ការបន្លំឯកសារ និងប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), បទល្មើសចាប់ជំរិតទារប្រាក់, ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ការធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានគូសបញ្ជាក់ថា ប្រតិបត្តិការនេះគឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមក សម្តេចធិបតីបានប្រកាសជំហរយ៉ាងច្បាស់លាស់ថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

ផ្អែកលើស្មារតីនេះ កម្លាំងសមត្ថកិច្ចកម្ពុជាក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ កំពុងបន្តខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3