International

• 1 day ago• Lim_Rothanaksambath

ឡាវប្រគល់ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកជិត ២០០នាក់ ឱ្យទៅប្រទេសថៃ និងចិន នាដើមខែតុលានេះ

ឡាវប្រគល់ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកជិត ២០០នាក់ ឱ្យទៅប្រទេសថៃ និងចិន នាដើមខែតុលានេះ
ភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៖ សារព័ត៌មាន The Laotian Times របស់ប្រទេសឡាវ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ បានចេញផ្សាយអត្ថបទមួយ ដោយបានបញ្ជាក់ឱ្យដឹងថា ឡាវបានប្រគល់ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកជិត ២០០នាក់ ឱ្យទៅប្រទេសថៃ និងចិនវិញនាដើមខែតុលានេះ។

យោងតាមការចុះផ្សាយរបស់ The Laotian Times បានឱ្យដឹងថា ប្រទេសឡាវបានប្រគល់ជនជាតិចិន និងថៃចំនួន ១៩៦ នាក់ត្រឡប់ទៅឱ្យអាជ្ញាធរនៃប្រទេសដើមរបស់ពួកគេវិញកាលពីថ្ងៃទី ១ ខែតុលា ខណៈដែលអាជ្ញាធរបន្តការបង្ក្រាបទូទាំងប្រទេសលើបទល្មើសស៊ីបប័រ (Cybercrime) និងប្រតិបត្តិការឆបោក។

ក្រុមនេះត្រូវបានផ្ទេរក្នុងការប្រគល់-ទទួលពីរលើកផ្សេងគ្នានៅក្នុងខេត្តបកែវ (Bokeo)។ ភាគច្រើននៃជនជាតិចិន និងថៃចំនួន ១៨៩ នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសស៊ីបប័រ ឬការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ខណៈ ៧នាក់ទៀតត្រូវបានចោទប្រកាន់ពីបទចូលប្រទេសឡាវដោយខុសច្បាប់។

នៅច្រកទ្វារអន្តរជាតិបូតែន-ម៉ូហាន (Boten-Mohan) ក្នុងខេត្តលួងណាំថា មន្ត្រីឡាវបានប្រគល់ជនជាតិចិនចំនួន ១១៨ នាក់ទៅឱ្យអាជ្ញាធរចិន។ ក្រុមនោះរួមមាន ១១៣ នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសស៊ីបប័រ និង ៥ នាក់ត្រូវបានចោទប្រកាន់ពីបទចូលស្រុកខុសច្បាប់។ ពួកគេនឹងប្រឈមមុខនឹងការបណ្តេញចេញ និងចំណាត់ការផ្លូវច្បាប់បន្តទៀតនៅក្នុងប្រទេសចិន។

នៅថ្ងៃដដែលនោះ ជនជាតិថៃចំនួន ៧៨ នាក់ត្រូវបានប្រគល់នៅស្ពានមិត្តភាពឡាវ-ថៃ ទី ៤។ អាជ្ញាធរថៃនឹងចាត់ការលើសំណុំរឿងទាំងនេះបន្ត។ ក្នុងចំណោមក្រុមនោះ ៧៦ នាក់ត្រូវបានចោទប្រកាន់ពីបទធ្វើការជាមួយក្រុមឆបោកតាមខលសិនធ័រ (Call center) ខណៈ ២ នាក់ទៀតប្រឈមនឹងបទចោទប្រកាន់ចូលស្រុកខុសច្បាប់។

អាជ្ញាធរឡាវក៏បានប្រគល់ឧបករណ៍ដែលដកហូតបានពីក្រុមនោះផងដែរ រួមមានកុំព្យូទ័រលើតុចំនួន ១០៧ គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនរាប់សិបគ្រឿង និងថេប្លេតចំនួន ៣ គ្រឿង។

ប្រភព និងរូបភាព៖ សារព័ត៌មាន The Laotian Timesប្រភព និងរូបភាព៖ សារព័ត៌មាន The Laotian Times
ការប្រគល់ខ្លួននៅខេត្តបកែវគឺជាផ្នែកមួយនៃការប្រគល់-ទទួលជាបន្តបន្ទាប់កាន់តែទូលំទូលាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នៅរាជធានីវៀងចន្ទន៍ អាជ្ញាធរបានប្រគល់ជនជាតិថៃចំនួន ២៥ នាក់ (រួមទាំងស្ត្រី ១១ នាក់) ទៅឱ្យប៉ូលីសថៃកាលពីថ្ងៃទី ៣០ ខែកញ្ញា នៅស្ពានមិត្តភាពឡាវ-ថៃ ទី ១។ ពួកគេប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសស៊ីបប័រ និងល្បែងស៊ីសងអនឡាញ។

ជនជាតិថៃ ១២៩ នាក់ផ្សេងទៀត ត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរថៃនៅស្ពានដដែលនោះកាលពីថ្ងៃទី ១៧ ខែកញ្ញា។ ទន្ទឹមនឹងនេះ ប៉ូលីសក្នុងខេត្តសវណ្ណខេត (Savannakhet) កំពុងចាត់ការលើសកម្មភាពសង្ស័យថាខុសច្បាប់នៅក្នុងស្រុក។

កាលពីថ្ងៃទី ២៨ ខែកញ្ញា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរផ្ទះជួលចំនួនពីរនៅក្នុងក្រុងកៃសន ភំវិហាន (Kaysone Phomvihane) ដោយបានឃាត់ខ្លួនមនុស្សចំនួន ១៧ នាក់។ នៅទីតាំងផ្ទះជួលមួយក្នុងភូមិពនស្វាងតាយ (Phonsavang Tai) ប៉ូលីសបានឃាត់ខ្លួនជនជាតិចិន ១៤ នាក់ និងជនជាតិឡាវម្នាក់ ព្រមទាំងដកហូតកុំព្យូទ័រលើតុចំនួន ៣៨ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៤១ គ្រឿង។

នៅទីតាំងផ្ទះជួលទីពីរក្នុងភូមិសណាមជ័យ (Sanamxay) ប៉ូលីសបានឃាត់ខ្លួនជនជាតិឡាវ ២ នាក់ និងដកហូតស្លឹកក្រទម (Kratom) ព្រមទាំងថ្នាំសេរ៉ូប្អកចំនួន ២២.៩៦៣ ដប។ ប្រតិបត្តិការចុងក្រោយនេះបន្ថែមលើការបង្ក្រាបទ្រង់ទ្រាយធំជាងនេះដែលបានកើតឡើងទូទាំងប្រទេសឡាវក្នុងឆ្នាំនេះ។ ចាប់តាំងពីខែមករាមក អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យឆបោកច្រើនជាង ៦.២០០ នាក់ដែលមានជាង ២៥ សញ្ជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network