National

• 22 hours ago• Lim_Rothanaksambath

ក្រសួងមហាផ្ទៃ ផ្អាកចរាចរណ៍រថយន្តធុនធំ ៣ថ្ងៃមុន និងក្រោយភ្ជុំបិណ្ឌ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ

ក្រសួងមហាផ្ទៃ ផ្អាកចរាចរណ៍រថយន្តធុនធំ ៣ថ្ងៃមុន និងក្រោយភ្ជុំបិណ្ឌ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវគោលការណ៍ណែនាំ និងវិធានការចរាចរណ៍សំខាន់ៗ ដោយតម្រូវឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទនៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត និងកម្សាន្តនានា។

តាមការបញ្ជាក់របស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ គោលការណ៍ណែនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា មានខ្លឹមសារយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ចំណុច ដូចខាងក្រោម៖

ទី១. ការផ្អាកចរាចរណ៍រថយន្តធុនធំ៖ តម្រូវឱ្យរថយន្តធុនធំគ្រប់ប្រភេទ ផ្អាកការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ រយៈពេល ៣ថ្ងៃមុន និង ៣ថ្ងៃក្រោយ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយដង់ស៊ីតេចរាចរណ៍ និងបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរនៅលើដងផ្លូវ។

ទី២. ការពង្រឹងកម្លាំងសម្រួលចរាចរណ៍តាមច្រកសំខាន់ៗ៖ អាជ្ញាធរមានសមត្ថកិច្ចដែនដី និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការយកចិត្តទុកដាក់ប្រចាំការសម្រួលចរាចរណ៍ ជាពិសេសនៅតាមច្រកផ្លូវចេញ-ចូលរាជធានីភ្នំពេញ តំបន់ផ្លូវប្រសព្វ ផ្លូវជាតិ និងស្ពានធំៗ ដើម្បីធានាឱ្យលំហូរចរាចរណ៍មានភាពរលូន មិនមានការស្ទះស្ទះយូរអង្វែងឡើយ។

ទី៣. ការលើកកម្ពស់ស្មារតីគោរពច្បាប់របស់ប្រជាពលរដ្ឋ៖ អំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរដោយការប្រុងប្រយ័ត្ន មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំ ឬការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ។

ប្រភព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន 
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodiaប្រភព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
ការដាក់ចេញនូវវិធានការប្រុងប្រយ័ត្នជាមុននេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល ធានាសុវត្ថិភាព ភាពកក់ក្តៅ និងស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ សាច់ញាតិ និងការធ្វើដំណើរទៅកាន់ទីវត្តអារាមនានាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយសុវត្ថិភាពពេញលេញ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1