National

• 2 hours ago• Lim_Rothanaksambath

ក្រសួងមហាផ្ទៃ បដិសេធករណីចាប់ខ្លួន និងបញ្ជូនជនជាតិអូស្ត្រាលី និងន័រវែសឱ្យអាជ្ញាធរវៀតណាម ក្រោយរកឃើញថា ពួកគេលួចឆ្លងដែនខុសច្បាប់ខ្លួនឯង

ក្រសួងមហាផ្ទៃ បដិសេធករណីចាប់ខ្លួន និងបញ្ជូនជនជាតិអូស្ត្រាលី និងន័រវែសឱ្យអាជ្ញាធរវៀតណាម ក្រោយរកឃើញថា ពួកគេលួចឆ្លងដែនខុសច្បាប់ខ្លួនឯង
ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ ឬព័ត៌មានមិនពិតដែលថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងបញ្ជូនខ្លួនបុគ្គលកាន់លិខិតឆ្លងដែនអូស្ត្រាលី និងន័រវែស ទៅឱ្យសមត្ថកិច្ចវៀតណាម។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងការប្រកាសជាសាធារណៈរបស់សមត្ថកិច្ចវៀតណាម បានបង្ហាញថា បុគ្គលទាំងពីររូបបានលួចឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ដោយខ្លួនឯង និងត្រូវបានឃាត់ខ្លួននៅទីនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានទទួលសំណើអន្តរាគមន៍ជាផ្លូវការពីស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីបាត់ខ្លួនបុគ្គលឈ្មោះ TRAN HIEP កាន់លិខិតឆ្លងដែនអូស្ត្រាលី (លេខ RA1088235)។ នៅយប់ថ្ងៃដដែល ក្រសួងមហាផ្ទៃក៏ទទួលបានព័ត៌មានបន្ថែមថា មានបុគ្គលរួមដំណើរម្នាក់ទៀតឈ្មោះ NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែស (លេខ CFC960392) បានបាត់ដំណឹង និងដាច់ការទាក់ទងជាមួយក្រុមគ្រួសារចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។

តាមរបាយការណ៍ផ្ទៀងផ្ទាត់ទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបង្ហាញថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បុគ្គលឈ្មោះ TRAN HIEP (សញ្ជាតិអូស្ត្រាលី) និងឈ្មោះ NGUYEN THUAN DUC (សញ្ជាតិន័រវែស) ពិតជាបានធ្វើដំណើរចេញពីប្រទេសថៃ ចូលមកកាន់កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយជើងហោះហើរលេខ K6 723។ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍កម្ពុជា ពុំទាន់មានកំណត់ត្រាបង្ហាញថា បុគ្គលទាំងពីររូបនេះបានចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនផ្លូវការណាមួយនៅឡើយទេ។

លុះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសជាសាធារណៈថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០ នាទីយប់ កម្លាំងការពារព្រំដែនវៀតណាម បានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ នៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh ប្រទេសវៀតណាម។ អ្នកទាំង ៣ រួមមាន៖ ឈ្មោះ TRAN HIEP (កាន់លិខិតឆ្លងដែនអូស្ត្រាលី), ឈ្មោះ NGUYEN THUAN DUC (កាន់លិខិតឆ្លងដែនន័រវែស) និង ឈ្មោះ THAI CONG TRUONG SON ជាជនជាតិវៀតណាម។
សមត្ថកិច្ចវៀតណាម បានចោទប្រកាន់អ្នកទាំង ៣ នាក់ពីបទលួចឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងបានចោទប្រកាន់ថាជាសមាជិកនៃអង្គការភេរវកម្ម Việt Tân។ បច្ចុប្បន្ន ពួកគេកំពុងត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។

ផ្អែកលើអង្គហេតុ និងភស្តុតាងជាក់ស្តែង ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់អហង្ការថា អាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ពុំបានចាប់ខ្លួន និងពុំបានបញ្ជូនខ្លួនបុគ្គលទាំងនោះទៅឱ្យសមត្ថកិច្ចវៀតណាមដូចការលើកឡើង ឬការសន្ទិដ្ឋានមួយចំនួននោះឡើយ។ បុគ្គលទាំងនោះបានធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ចេញពីកម្ពុជាចូលទៅដីវៀតណាមដោយខ្លួនឯង ហើយត្រូវបានសមត្ថកិច្ចការពារព្រំដែនវៀតណាមឃាត់ខ្លួននៅជួរមុខ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodia