National

• 1 hour ago• Lim_Rothanaksambath

សមាគមសិល្បករខ្មែរ រៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បកររៀមច្បង ដើម្បីសម្តែងការដឹងគុណ និងលើកស្ទួយវប្បធម៌ជាតិ

សមាគមសិល្បករខ្មែរ រៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បកររៀមច្បង ដើម្បីសម្តែងការដឹងគុណ និងលើកស្ទួយវប្បធម៌ជាតិ


ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីយ៉ាងកក់ក្តៅជាមួយវីរសិល្បករ និងសិល្បកររៀមច្បង នៅសណ្ឋាគារកាំបូឌីយ៉ាណា។

កម្មវិធីនេះធ្វើឡើងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងបង្ហាញនូវការគោរព ដឹងគុណ និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់សិល្បករជំនាន់មុន ដែលបានលះបង់កម្លាំងកាយចិត្ត និងទេពកោសល្យដើម្បីថែរក្សា និងបន្តមរតកសិល្បៈ វប្បធម៌ខ្មែរ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានអញ្ជើញចូលរួមជាកិត្តិយសពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងចាស់ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បកររៀមច្បង និងសិល្បករ-សិល្បការិនីជាច្រើនរូប។

អ្នកឧកញ៉ាប្រធានសមាគមបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានសម្រេចតាមការសន្យាក្នុងការជួបជុំសិល្បកររៀមច្បងជាថ្មីម្តងទៀត ចំឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏មានអត្ថន័យជ្រាលជ្រៅ។

អ្នកឧកញ៉ាប្រធាន បានលើកឡើងថា ការលះបង់ទាំងនេះ មិនអាចវាស់តម្លៃបានត្រឹមតែជាប្រាក់កាស ឬរង្វាន់មួយឡើយ ព្រោះអ្វីដែលវីរសិល្បករ និងសិល្បកររៀមច្បងបានផ្តល់ឱ្យ គឺជា មរតករបស់ជាតិទាំងមូល។ ដូច្នេះ ការជួបជុំ សួរសុខទុក្ខ និងបង្ហាញការគោរពចំពោះពួកគាត់ គឺជាការបង្ហាញថា សង្គមខ្មែរមិនភ្លេចអ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ Khmer Artists Associationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ Khmer Artists Association
ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធាន បានបញ្ជាក់ពីបំណងចង់ឱ្យសិល្បកររៀមច្បងបន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍ និងស្មារតីនៃការលះបង់ ដើម្បីឱ្យសិល្បករជំនាន់ក្រោយអាចបន្តអភិវឌ្ឍសិល្បៈខ្មែរ ឱ្យមានភាពទំនើប និងច្នៃប្រឌិតខ្ពស់ ប៉ុន្តែមិនបាត់បង់ឫសគល់ និងអត្តសញ្ញាណជាតិ។

ក្នុងនាមសមាគមសិល្បករខ្មែរ អ្នកឧកញ៉ាប្រធាន បានប្តេជ្ញាបន្តដើរតាមមាគ៌ាដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងការគាំពារ និងយកចិត្តទុកដាក់ចំពោះវីរសិល្បករ និងសិល្បកររៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើ និងថែរក្សាវប្បធម៌ជាតិ។

អ្នកឧកញ៉ាប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាតិ ដែលតែងតែផ្តល់ការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱវាទដ៏មានតម្លៃ ពិសេសការឧបត្ថម្ភថវិកាទ្រទ្រង់ជាប្រចាំឆ្នាំដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការគាំពារ និងលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ជាតិ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងការរៀបចំការជួបជុំដ៏មានន័យនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ម្លប់សន្តិភាព គឺជាកត្តាចម្បងមួយដែលផ្តល់ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ដោយសេចក្តីសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចបន្តថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។

លោកជំទាវបណ្ឌិតសភាចារ្យ បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវអ្នកឧកញ៉ាប្រធាន ពាក់ព័ន្ធនឹងតួនាទីដ៏សំខាន់របស់សិល្បករ និងសិល្បការិនីគ្រប់ជំនាន់ និងគ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីខ្មែរ សិល្បៈដ៏ផូរផង់ និងផ្សព្វផ្សាយមរតកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា មរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុក មានទាំងសិល្បៈ តន្ត្រី ស្ថាបត្យកម្ម អក្សរសាស្ត្រ ម្ហូបអាហារ សម្លៀកបំពាក់ និងរបៀបរស់នៅ ដែលសុទ្ធតែជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិ និងជាមរតកដែលកូនខ្មែរគ្រប់ជំនាន់ត្រូវបន្តថែរក្សា និងបញ្ជូនទៅកាន់ជំនាន់ក្រោយ។

គួរឱ្យដឹងផងដែរថា កម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីនេះ មិនត្រឹមតែជាការជួបជុំក្នុងឱកាសបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតី «រំឭកគុណអ្នកមានគុណ» និងការគោរពចំពោះអ្នកដែលបានចំណាយជីវិតដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ។ ជាមួយគ្នានេះ ក៏ជាការបន្តភ្ជាប់ទំនាក់ទំនងរវាងសិល្បករគ្រប់ជំនាន់ និងបន្តបណ្តុះស្មារតីស្រឡាញ់ មោទនភាព និងការទទួលខុសត្រូវចំពោះមរតកវប្បធម៌ជាតិ៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3