National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា និង បេឡារុស ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី និងបើកច្រកទ្វារពាណិជ្ជកម្មឆ្ពោះទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងតំបន់អឺរ៉ាស៊ី

កម្ពុជា និង បេឡារុស ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី និងបើកច្រកទ្វារពាណិជ្ជកម្មឆ្ពោះទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងតំបន់អឺរ៉ាស៊ី


ភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញជំនួបពិភាក្សាការងារជាមួយ លោក Aleksey Pushkarev ប្រធានទីភ្នាក់ងារជាតិវិនិយោគ និងឯកជនភាវូបនីយកម្មនៃប្រទេសបេឡារុស (NAIP) នៅទីក្រុងមីនស្កិ៍ សាធារណរដ្ឋបេឡារុស។

ក្នុងជំនួបការទូតសេដ្ឋកិច្ចដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានកត់សម្គាល់ និងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើចំណុចអាទិភាពដូចជា ការជម្រុញលំហូរវិនិយោគទ្វេភាគី ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការផ្ទាល់រវាងស្ថាប័នជំរុញការវិនិយោគនៃប្រទេសទាំងពីរ កម្ពុជា និង បេឡារុស ដើម្បីសម្រួលនីតិវិធី ដោះស្រាយបញ្ហាប្រឈម និងបង្កើតកាតាលីករថ្មីៗក្នុងការទាក់ទាញវិនិយោគិនរវាងគ្នានិងគ្នាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ការតភ្ជាប់ទីផ្សារតំបន់ អាស៊ីអាគ្នេយ៍ និងអឺរ៉ាស៊ី ដោយភាគីទាំងពីរបានពិនិត្យមើលកាលានុវត្តភាព និងសក្តានុពលយុទ្ធសាស្ត្រ ដោយស្នើឱ្យប្រើប្រាស់កម្ពុជាជាច្រកទ្វារ (Gateway) ដ៏សំខាន់សម្រាប់ធុរកិច្ចបេឡារុស ឈានចូលទៅកាន់ទីផ្សារអាស៊ាន/អាស៊ីអាគ្នេយ៍ ហើយទន្ទឹមនឹងនោះ បេឡារុសនឹងដើរតួជាច្រកទ្វារសម្រាប់ពាណិជ្ជករ និងវិនិយោគិនកម្ពុជា ចូលទៅកាន់ទីផ្សារសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union - EAEU)។

បន្ថែមពីលើនោះ តំណាងភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈជុំវិញ បរិយាកាសវិនិយោគ កែទម្រង់ច្បាប់វិនិយោគ និងការកំណត់វិស័យអាទិភាពធុរកិច្ច ដូចជា ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងគ្រឿងយន្ត) សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

សូមជម្រាបថា ជំនួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារជាតិវិនិយោគបេឡារុសនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងារផ្លូវការរបស់ ឯកឧត្តម ទី នីតូរ្យ នៅសាធារណរដ្ឋបេឡារុស។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងចម្បង ២ គឺ៖ ទី១. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បេឡារុស ឱ្យឈានឡើងកម្រិតមួយទៀត និង ទី២ គឺដើម្បីប្រមូលធាតុចូលជាក់ស្តែងពីស្ថាប័នដៃគូ និងបរិយាកាសធុរកិច្ចអន្តរជាតិ ដើម្បីយកមកតាក់តែង និងធ្វើឱ្យប្រព័ន្ធ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច» (Economic Diplomacy Strategy) របស់ក្រសួងការបរទេសកម្ពុជា កាន់តែមានភាពមុតស្រួច មានប្រសិទ្ធភាព និងឆ្លើយតបចំទិសដៅសេដ្ឋកិច្ចជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3