National

• 1 hour ago• Lim_Rothanaksambath

រដ្ឋសភា បើកវគ្គបណ្តុះបណ្តាល «ជំនាញសន្តិសុខសាយប័រ» ដើម្បីពង្រឹងសុវត្ថិភាពទិន្នន័យ និងទប់ទល់ការគំរាមកំហែងឌីជីថល

រដ្ឋសភា បើកវគ្គបណ្តុះបណ្តាល «ជំនាញសន្តិសុខសាយប័រ» ដើម្បីពង្រឹងសុវត្ថិភាពទិន្នន័យ និងទប់ទល់ការគំរាមកំហែងឌីជីថល
ភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន និងការពារប្រព័ន្ធទិន្នន័យរបស់ស្ថាប័នក្នុងយុគសម័យឌីជីថល អគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈនាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសន្តិសុខសាយប័រ សម្រាប់ការគ្រប់គ្រងគេហទំព័រ និងបណ្តាញសង្គម» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការពង្រឹងសន្តិសុខសាយប័រ (Cybersecurity) គឺជាកិច្ចការអាទិភាពចម្បងដែលមិនអាចខ្វះបាន ស្របតាម «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន ទាមទារឱ្យមន្ត្រីរាជការគ្រប់រូបត្រូវតែខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងជាប្រចាំ ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល។ លើសពីនេះ ស្ថាប័នត្រូវមានយន្តការវាយតម្លៃលទ្ធផលជាក់ស្តែងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារក្នុងស្ថាប័ន។

វគ្គបណ្តុះបណ្តាលពិសេសនេះ ទទួលបានការចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ហេង ភក្តី ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងជាអតីតនាយកថ្នាក់តំបន់នៃក្រុមហ៊ុន Meta។ ឯកឧត្តមវាគ្មិនបានផ្ដល់នូវចំណេះដឹងស៊ីជម្រៅ ព្រមទាំងយុទ្ធសាស្ត្រ និងបច្ចេកទេសជាក់ស្តែងក្នុងការការពារគណនីបណ្តាញសង្គមផ្លូវការសំខាន់ៗ ដូចជា Facebook និង Telegram ឱ្យចៀសផុតពីការលួចទិន្នន័យ (Hacking) និងការវាយប្រហារសាយប័រ ដែលមានទម្រង់កាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ន។

ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងស្ថាប័ន។ ជាមធ្យម ស្ថាប័នបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗមិនតិចជាង ២០លើក ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការបំពេញភារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើឱ្យស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាបម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងមូល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Assembly Of Cambodia