National

• 2 hours ago• Lim_Rothanaksambath

សិក្ខាសាលាស្តីពី ការអប់រំហានិភ័យសំណល់ជាតិផ្ទុះ បិទបញ្ចប់ដោយជោគជ័យ ឆ្ពោះទៅការពារសុវត្ថិភាពពលរដ្ឋរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

សិក្ខាសាលាស្តីពី ការអប់រំហានិភ័យសំណល់ជាតិផ្ទុះ បិទបញ្ចប់ដោយជោគជ័យ ឆ្ពោះទៅការពារសុវត្ថិភាពពលរដ្ឋរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម


ភ្នំពេញ, ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖ អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំពិធីបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការអប់រំអំពីហានិភ័យនៃសំណល់ជាតិផ្ទុះ (EORE)» ប្រកបដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ នាទីបញ្ជាការដ្ឋានកណ្តាល CMAC រាជធានីភ្នំពេញ។

ពិធីបិទសិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និង លោក Yoshito Yako តំណាងជាន់ខ្ពស់ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមកពីប្រទេសចំនួន ៤ ក្នុងតំបន់ រួមមាន កម្ពុជា ឡាវ វៀតណាម និងទីម័រឡេស្ត សរុបចំនួន ២៧ នាក់។

សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាផ្នែកមួយនៃ «គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពីការពង្រឹងមុខងារអង្គភាព CMAC ដំណាក់កាលទី២» ដែលមានគោលដៅចម្បងក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ស្វែងយល់ពីបញ្ហាប្រឈម និងផ្លាស់ប្តូរវិធីសាស្ត្របច្ចេកទេសក្នុងការអនុវត្តការងារអប់រំហានិភ័យនៃសំណល់ជាតិផ្ទុះ (EORE)។

លើសពីនេះ អង្គសិក្ខាសាលាបានផ្តោតលើការកែប្រែឥរិយាបថសហគមន៍ ការការពារសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតំបន់ប្រឈម និងការផ្តល់សេវាជួយស្តារលទ្ធភាពពលកម្មដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMACប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
នៅក្នុងអំឡុងពេលនៃកម្មវិធីសិក្ខាសាលា អ្នកចូលរួមទាំងអស់មិនត្រឹមតែទទួលបានការបណ្តុះបណ្តាលទ្រឹស្តី និងការពិភាក្សាផ្លាស់ប្តូរយោបល់នៅក្នុងសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះធ្វើទស្សនកិច្ចសិក្សាជាក់ស្តែងនៅលើទីវាល ស្ថិតក្នុងខេត្តកំពង់ឆ្នាំង រួមមាន៖ ការចុះសង្កេតការណ៍នៅតាមសាលារៀន ជំនួបជាមួយសហគមន៍មូលដ្ឋាន និងការសិក្សាឈ្វេងយល់នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការ។

ការចុះអនុវត្តផ្ទាល់នេះ បានជួយឱ្យតំណាងប្រទេសទាំង ៤ អាចពង្រឹងបានទាំងចំណេះដឹងផ្នែកទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែង ព្រមទាំងឈានទៅបង្កើតបានជាបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយ៉ាងរឹងមាំនៅក្នុងតំបន់ ក្នុងការរួមគ្នាលុបបំបាត់គ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះនាពេលអនាគត៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3