National

• 1 hour ago• Lim_Rothanaksambath

ជនជាតិថៃ ១៩៣នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនទៅថៃវិញ ព្រមទាំងប្រថាប់ត្រាហាមចូលកម្ពុជា ៥ឆ្នាំ

ជនជាតិថៃ ១៩៣នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនទៅថៃវិញ ព្រមទាំងប្រថាប់ត្រាហាមចូលកម្ពុជា ៥ឆ្នាំ
ភ្នំពេញ, ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖ នគរបាលជាតិនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធកម្ពុជា បានធ្វើការបញ្ជូន និងប្រគល់ជនជាតិថៃចំនួន ១៩៣នាក់ (ស្រី ៧៣នាក់) ជូនទៅកាន់សមត្ថកិច្ចនៃព្រះរាជាណាចក្រថៃវិញ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរកឃើញថា ជនជាតិថៃទាំងនេះបានប្រព្រឹត្តបទល្មើសខុសច្បាប់នៅលើទឹកដីកម្ពុជា។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា ជនជាតិថៃទាំង ១៩៣នាក់ខាងលើ ត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទចោទប្រកាន់ពីបទលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងការចូលរួមក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam)។

មុនពេលធ្វើការបណ្តេញចេញ និងប្រគល់ខ្លួនឱ្យអាជ្ញាធរថៃ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបាន ប្រថាប់ត្រាហាមចូល (Blacklist) ប្រទេសកម្ពុជារយៈពេល ៥ឆ្នាំ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokhaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokha
នៅក្នុងព្រឹត្តិការណ៍ទន្ទឹមគ្នានេះដែរ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានទទួលពលរដ្ឋខ្មែរចំនួន ៨៦នាក់ ដែលត្រូវ បានអាជ្ញាធរថៃចាប់ឃាត់ខ្លួន និងបណ្តេញចេញដោយសារការឆ្លងដែនខុសច្បាប់ចូលទៅធ្វើការក្នុងប្រទេសថៃ។ ភ្លាមៗបន្ទាប់ពីទទួលពលរដ្ឋខ្មែរ ក្រុមការងារនគរបាលបានធ្វើការស្រង់សាវតារ ត្រួតពិនិត្យសុខភាព និងដឹកជញ្ជូនពួកគាត់ទៅកាន់ «មជ្ឈមណ្ឌលសំចតប៉ោយប៉ែត» ដើម្បីទទួលបានការសម្របសម្រួល និងអនុវត្តនីតិវិធីសង្គមកិច្ចបន្តមុននឹងបញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើត។

ប្រភពពីកម្លាំងសមត្ថកិច្ចបានគូសបញ្ជាក់ថា ឈរលើគោលការណ៍មនុស្សធម៌ និងស្មារតីទទួលខុសត្រូវ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មន្ត្រីនគរបាលកម្ពុជាបានផ្តល់អាហារ និងទឹកបរិភោគជូនដល់ជនជាតិថៃដែលត្រូវបណ្តេញចេញ និងពលរដ្ឋខ្មែរដែលត្រឡប់មកវិញ ប្រកបដោយភាពស្មើគ្នានិងសេចក្តីថ្លៃថ្នូរ។

ការបញ្ជូន និងទទួលពលរដ្ឋរវាងប្រទេសទាំងពីរនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរព្រំដែនកម្ពុជា-ថៃ ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងលំហូរអន្តោប្រវេសន៍ឱ្យមានរបៀបរៀបរយតាមផ្លូវច្បាប់៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3