National

• 1 hour ago• Lim_Rothanaksambath

ប្រជាពលរដ្ឋច្រើនកុះករ នាំគ្នាជិះរថយន្តក្រុងសាធារណៈមិនបង់ប្រាក់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋច្រើនកុះករ នាំគ្នាជិះរថយន្តក្រុងសាធារណៈមិនបង់ប្រាក់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ, ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង «ជិះដោយមិនបង់ប្រាក់» ជាផ្លូវការហើយ រយៈពេល ៥ថ្ងៃពេញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ-និយោជិត ទៅកាន់ស្រុកកំណើតជួបជុំគ្រួសារ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នាព្រឹកព្រលឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យទីតាំង និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវារថយន្តក្រុងសាធារណៈ «ជិះដោយមិនបង់ប្រាក់» ដោយផ្ទាល់នៅតាមចំណតរថយន្តក្រុងនានាក្នុងរាជធានីភ្នំពេញ។

នៅក្នុងបរិយាកាសព្រឹកថ្ងៃដំបូងនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ កម្មករ-និយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃនេះ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ និងក្តីកក់ក្តៅយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទួលសេវារថយន្តក្រុងសាធារណៈក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺធ្វើឡើងក្រោមលក្ខខណ្ឌងាយស្រួលបំផុត គឺ ជិះដោយមិនបង់ប្រាក់ (ឥតគិតថ្លៃ ១០០%), មិនតម្រូវឱ្យមានការចុះឈ្មោះទុកជាមុន និង មិនតម្រូវឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗឡើយ។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាដឹកជញ្ជូនសាធារណៈនេះឱ្យបានកុះករ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងការយោគយល់អធ្យាស្រ័យគ្នា។

សម្រាប់ប្រជាពលរដ្ឋដែលបំណងពិនិត្យមើលទីតាំងចេញដំណើរ និងខ្សែរត់តាមគោលដៅនីមួយៗ អាចចូលទៅកាន់គេហទំព័រ និងប្រព័ន្ធភ្ជាប់ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញតាមរយៈ៖

https://citybus.phnompenh.gov.kh
https://heylink.me/PPCITYBUS/


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3