National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា និង អាស៊ែបៃហ្សង់ ប្ដេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ឌីជីថល និងការបោសសម្អាតមីន

កម្ពុជា និង អាស៊ែបៃហ្សង់ ប្ដេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ឌីជីថល និងការបោសសម្អាតមីន
ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានាធិបតី Ilham Aliyev បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ ដែលជាសក្ខីភាពបញ្ជាក់ពីការគាំទ្រយ៉ាងសកម្មរបស់កម្ពុជាចំពោះបេសកកម្មរបស់ CICA និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ព្រមទាំងបានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាកម្លាំងចលករថ្មីមួយទៀតក្នុងការបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបោះបង្គោលឡើងចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការដ៏មានប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ដោយបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាយុទ្ធសាស្ត្រ រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, វិស័យអប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូរការទាក់ទងរវាងប្រជាជន និងប្រជាជន។
លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលម្អិតអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើ «ការបោសសម្អាតមីនមនុស្សធម៌» និង «ការជំរុញបច្ចេកវិទ្យាឌីជីថល» ផងដែរ។

ជាលទ្ធផលដ៏មានផ្លែផ្កានៃកិច្ចពិភាក្សាទ្វេភាគីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Ilham Aliyev បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីប្តូរឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាសំខាន់ៗចំនួន ៣» រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។
២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NDIR) នៃក្រសួងការបរទេសកម្ពុជា និង សាកលវិទ្យាល័យ ADA នៃក្រសួងការបរទេសអាស៊ែបៃហ្សង់។
៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3