National

• 3 hours ago• Lim_Rothanaksambath

គិតត្រឹមថ្ងៃទី១២ ខែតុលានេះ យោធាថៃនៅតែបន្តសកម្មភាពល្មើស និងកាន់កាប់លើដែនអធិបតេយ្យកម្ពុជា ដែលសកម្មភាពនេះផ្ទុយពីច្បាប់អន្តរជាតិ

គិតត្រឹមថ្ងៃទី១២ ខែតុលានេះ យោធាថៃនៅតែបន្តសកម្មភាពល្មើស និងកាន់កាប់លើដែនអធិបតេយ្យកម្ពុជា ដែលសកម្មភាពនេះផ្ទុយពីច្បាប់អន្តរជាតិ
ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដើម្បីជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីសភាពការណ៍ និងទិន្នន័យបឋមនៃការបន្តកាន់កាប់ដោយខុសច្បាប់ ការរារាំងពលរដ្ឋមិនឱ្យវិលចូលភូមិឋាន ផលប៉ះពាល់មនុស្សធម៌ និងការខូចខាតខាងស៊ីវិល ដែលប្រព្រឹត្តដោយយោធាថៃ ផ្ទុយពីច្បាប់អន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន គិតចាប់តាំងពីថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ មក ភាគីថៃពុំបានអនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នោះឡើយ ដោយបន្តសកម្មភាពល្មើស និងកាន់កាប់លើដែនអធិបតេយ្យកម្ពុជា។

ប្រភព៖ ទំព័រហ្វេសប៊ុក Sar Sokhaប្រភព៖ ទំព័រហ្វេសប៊ុក Sar Sokha
ក្រសួងមហាផ្ទៃ បានធ្វើបច្ចុប្បន្នភាពទិន្នន័យបឋមគិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដូចខាងក្រោម៖

១. ស្ថានភាពជនភៀសសឹក៖ ការឈ្លានពានពីសំណាក់យោធាថៃបានបណ្តាលឱ្យមានពលរដ្ឋភៀសសឹកចំនួន ៦៤៩.០០០នាក់ ក្នុងនោះពលរដ្ឋ ៦២៥.០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ ខណៈដែលនៅសេសសល់បន្តស្នាក់នៅតាមជំរុំសុវត្ថិភាព និងភូមិរង់ចាំ។

២. ការប្រើប្រាស់អាវុធហាមឃាត់៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង និងកាំភ្លើងធំធុនធ្ងន់ ១៥៥មីលីម៉ែត្រ បាញ់គ្រាប់បែកចង្កោម (Cluster Munitions) ប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ (មានបង្កប់កូនគ្រាប់មិនទាន់ផ្ទុះ ៦ ទៅ ៧លានគ្រាប់) ស្រោចលើតំបន់ស៊ីវិលទំហំជិត ៣.០០០គីឡូម៉ែត្រក្រឡា លើភូមិចំនួន៣៣៥។

៣. ការខូចខាតបេតិកភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធ៖ ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក រងការផ្លោងនិងទម្លាក់គ្រាប់បំផ្លាញដោយចេតនារហូតដល់ ៥០១គោលដៅ (ខូចខាត ៥៦២កន្លែង) ព្រមទាំងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងប្រាសាទខ្លា។ ទន្ទឹមនឹងនេះ ផ្ទះសម្បែង ១.៥៥៨ខ្នង, សាលារៀន ២៦, មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤, វត្តអារាម ១៩, អគាររដ្ឋបាល ៧៤ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតក៏បានរងការខូចខាតធ្ងន់ធ្ងរ។

៤. ការរំលោភច្បាប់អន្តរជាតិ៖ សកម្មភាពរបស់ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL) អនុសញ្ញាគ្រាប់បែកចង្កោម សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាទីក្រុងសឺណែវឆ្នាំ១៩៤៩។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃបានសម្តែងការអរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ជេ ត្រាំ ព្រមទាំងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាមិត្តបរទេស ដែលបានជួយជំរុញឱ្យភាគីថៃបន្ធូរបន្ថយភាពតានតឹង និងគោរពអធិបតេយ្យភាពកម្ពុជា។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសបើកទ្វារដោយសុទ្ធចិត្ត អញ្ជើញលោក អ៊ុ សំអាន ឱ្យនាំក្រុមការងារមកជជែកដេញដោលភស្តុតាងរឿងការបោះបង្គោលព្រំដែន JBC ត្រង់ចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ យ៉ាងបើកចំហរនៅចំពោះមុខអ្នកសារព័ត៌មាន និងសាធារណជន ដើម្បីជម្រះរាល់មន្ទិលសង្ស័យ និងបង្ហាញការពិតជូនជាតិ និងអន្តរជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3