International

• 2 hours ago• Lim_Rothanaksambath

នាយករដ្ឋមន្ត្រីថៃ អានុទីន និងរដ្ឋមន្ត្រី១៧រូប នឹងចូលរួមការជជែកដេញដោលលើការមិនទុកចិត្តឆាប់ៗនេះ ក្រោយគណបក្សប្រឆាំងថៃដាក់ញត្តិទៅរដ្ឋសភាថៃ

នាយករដ្ឋមន្ត្រីថៃ អានុទីន និងរដ្ឋមន្ត្រី១៧រូប នឹងចូលរួមការជជែកដេញដោលលើការមិនទុកចិត្តឆាប់ៗនេះ ក្រោយគណបក្សប្រឆាំងថៃដាក់ញត្តិទៅរដ្ឋសភាថៃ
ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ គណបក្សប្រឆាំងរបស់ប្រទេសថៃ បានដាក់ញត្តិមិនទុកចិត្តលើរដ្ឋមន្ត្រីចំនួន ១៨ រូប រួមទាំងនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នៅឯរដ្ឋសភាកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦។ មេដឹកនាំគណបក្សប្រឆាំង លោក ណាតថាផុង រឿងបញ្ញាវុធ (Natthaphong Ruengpanyawut) ដែលជាប្រធានគណបក្សប្រជាជន បានដឹកនាំការដាក់ញត្តិនេះ ដោយមានហត្ថលេខារបស់សមាជិកសភាចំនួន ១៤៥ រូប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ។


ក្នុងអត្ថបទព័ត៌មានចេញផ្សាយដោយសារព័ត៌មាន The Nation ដដែរ បានរៀបរាប់ឱ្យដឹងថា លោក ណាតថាផុង បានថ្លែងថា គណបក្សប្រឆាំងចង់ពិនិត្យមើលអ្វីដែលខ្លួនហៅថា «របបខៀវ» (Blue regime) ដោយចោទប្រកាន់របបនេះថា បានពង្រីកការត្រួតត្រារបស់ខ្លួនលើស្ថាប័ននានារបស់ប្រទេស និងកំពុងបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យ។

លោក ណាតថាផុង បានបន្ថែមថា ញត្តិមិនទុកចិត្តនេះបានគ្របដណ្តប់លើការចោទប្រកាន់ពីបទពុករលួយក្នុងដំណើរការជ្រើសរើសសមាជិកព្រឹទ្ធសភា និងការប្រឡងជ្រើសរើសបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការដោះស្រាយរបស់រដ្ឋាភិបាលចំពោះវិបត្តិនានាដែលប៉ះពាល់ដល់សាធារណជន រួមទាំងគ្រោះទឹកជំនន់ផងដែរ។

បន្ទាប់ពីព័ត៌មានគណបក្សប្រឆាំងថៃដាក់ញត្តិមិនទុកចិត្តលើរដ្ឋមន្ត្រី ១៨ រូប ត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាត កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ ស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការ พรรคประชาชน - People's Party ក៏ចេញមកប្រកាសថា Çការជជែកដេញដោលលើការមិនទុកចិត្តរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្រោមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះនៅក្នុងរដ្ឋសភាÈ។

យោងតាមសំណេរជាភាសាថៃដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ พรรคประชาชน - People's Party កាលពីថ្ងៃទី១២ ខែតុលា បានឱ្យដឹងថា គណបក្សប្រជាជន រួមជាមួយគណបក្សប្រឆាំង សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិនិត្យមើលការចោទប្រកាន់លើរដ្ឋមន្ត្រីទាំង ១៨ រូប ដែលកំពុងកាន់អំណាចគ្រប់គ្រងរដ្ឋបាលប្រទេសនាពេលបច្ចុប្បន្ន និងចូលរួមតាមដានការបើកកកាយរឿងរ៉ាវស៊ីជម្រៅនៅពីក្រោយការងាររបស់រដ្ឋាភិបាលមួយនេះទៅព្រមៗគ្នា។

ពេញមួយរយៈពេលនៃការកាន់តំណែងកន្លងមកនេះ សកម្មភាពរបស់រដ្ឋមន្ត្រីទាំង ១៨ រូប បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងរដ្ឋបាលប្រទេសដែលមានកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ការខ្វះខាតភាពស្មោះត្រង់យ៉ាងច្បាស់ក្រឡែត និងការប្រើប្រាស់អំណាច និងតួនាទីក្នុងផ្លូវមិនត្រឹមត្រូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួក និងបណ្តាញទុនប្រផេះ។

មានការសមគំនិតគ្នាប្រើប្រាស់អំណាចដើម្បីជ្រៀតជ្រែកក្នុងដំណើរការយុត្តិធម៌ ស្ថាប័នឯករាជ្យ និងបំផ្លាញយន្តការពិនិត្យនិងជញ្ជីងអំណាចតាមរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតស្ថានភាពរួចផុតពីទោសពៃរ៍ បង្កើតចលនារបៀបពុករលុកដើម្បីត្រួតត្រាស្ថាប័ននយោបាយ និងការព្រងើយកន្តើយបណ្តោយឱ្យមានអំពើពុករលុកកើតឡើងយ៉ាងទូលំទូលាយ។ លើសពីនេះ ថែមទាំងគ្មានសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដោយបណ្តោយឱ្យតម្លៃទំនិញកើនឡើងខ្ពស់រហូតដល់ប្រជាពលរដ្ឋត្រូវរ៉ាប់រងបន្ទុកយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលក្រុមទុន និងបណ្តាញបរិវារបែរជាទទួលបានសេចក្តីសុខលើថវិកាជាតិ។

ការជជែកដេញដោលលើការមិនទុកចិត្តលើកនេះ ដូច្នេះមិនមែនគ្រាន់តែជារឿងរបស់រដ្ឋសភានោះទេ ប៉ុន្តែប្រសិនបើយើងបណ្តោយឱ្យបុគ្គលទាំងនេះបន្តដឹកនាំរដ្ឋបាលប្រទេសតទៅទៀត វានឹងនាំមកនូវការខូចខាតដល់ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរដែលលំបាកនឹងកែខៃ ឬព្យាបាលបាន។

พรรคประชาชน - People's Party បានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមតាមដាន និងឃ្លាំមើលការជជែកដេញដោលលើការមិនទុកចិត្តដ៏សំខាន់នេះទៅជាមួយគ្នា។ នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

គួរឱ្យដឹងផងដែរថា ក្នុងអត្ថបទចុះផ្សាយសារព័ត៌មាន The Nation កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅ បានបង្ហាញឱ្យដឹងសមាសភាពរដ្ឋមន្ត្រីចំនួន ១៨ រូប រួមទាំងនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលគណបក្សប្រឆាំងរបស់ប្រទេសថៃ បានដាក់ញត្តិមិនទុកចិត្តទៅរដ្ឋសភាថៃ។ ក្នុងនោះ រួមមាន៖

1. Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
2. Phiphat Ratchakitprakarn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន
3. Songsak Thongsri ឧបនាយករដ្ឋមន្ត្រី
4. Ekniti Nitithanprapas ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
5. Suphajee Suthumpun ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
6. Pakorn Nilprapuntឧបនាយករដ្ឋមន្ត្រី
7. Lt Gen Adul Boonthumjaroen រដ្ឋមន្ត្រីក្រសួងការពារជាតិ
8. Surasak Phancharoenworakul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា
9. Chaichanok Chidchob រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល
10. Suchart Chomklin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន
11. Pol Lt Gen Rutthaphon Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
12. Napintorn Srisunpang រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី
13. Supamas Isarabhakdi រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី
14. Paradorn Prissananantakul រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី
15. Suksomrauy Wantaneeyakul រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី
16. Siripong Angkasakulkiat រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន
17. Jeseth Thaiseth រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
18. Worasit Liangprasit រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2