National

• 1 hour ago• Lim_Rothanaksambath

តំណាងកម្ពុជាប្រចាំ អ.ស.ប. លើកឡើងពីទុក្ខលំបាកជនភៀសសឹកជាង ២ម៉ឺននាក់ និងបញ្ជាក់ការប្តេជ្ញាចិត្តកម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ

តំណាងកម្ពុជាប្រចាំ អ.ស.ប. លើកឡើងពីទុក្ខលំបាកជនភៀសសឹកជាង ២ម៉ឺននាក់ និងបញ្ជាក់ការប្តេជ្ញាចិត្តកម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ
ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តំណាងកម្ពុជាបានគូសបញ្ជាក់ជាថ្មីអំពីជំហរយ៉ាងរឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ សិទ្ធិរបស់ជនភៀសសឹក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកុមារពីអំពើហិង្សាគ្រប់ទម្រង់។

ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ស្ដីពី «របាយការណ៍របស់ឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកជនភៀសខ្លួន និងសំណួរមនុស្សធម៌» ក្នុងគណៈកម្មាធិការទី៣ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. បានទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ អំពីស្ថានភាព ជនភៀសសឹកកម្ពុជា (IDPs) ប្រមាណជាង ២០.០០០ នាក់ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះព្រំដែន។

ឯកឧត្តមបានគូសបញ្ជាក់ថា ជនភៀសសឹកទាំងនោះ មានបំណងប្រាថ្នាយ៉ាងមុតមាំ និងសមនឹងទទួលបានការត្រឡប់ទៅកាន់លំនៅឋានដើមវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ខណៈដែលកូនចៅរបស់ពួកគេកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការបានត្រឡប់ទៅសិក្សានៅសាលារៀនដើមវិញ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រមនុស្សធម៌ជាអន្តរជាតិ ព្រមទាំងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះមិនអាចរំលោភបានឡើយ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
ដោយឡែក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់តំណាងអចិន្ត្រៃយ៍នៃសម្ព័ន្ធសកល Pathfinding (Pathfinding Global Alliance on Ending Violence Against Children) ឯកឧត្តម យោង ចាន់សុភារ ក៏បានប្រកាសសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់អំពើហិង្សាលើកុមារគ្រប់ទម្រង់។

ក្នុងនាមជាប្រទេសសមាជិក Pathfinding កម្ពុជា បានពង្រឹងក្របខ័ណ្ឌជាតិ និងជម្រុញកិច្ចខិតខំប្រឹងប្រែងពហុវិស័យយ៉ាងសកម្ម ដែលស្តែងចេញតាមរយៈសមិទ្ធផលដ៏ធំធេង គឺការដាក់ឱ្យអនុវត្ត «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥–២០៣០» ដើម្បីពង្រឹងប្រព័ន្ធការពារ និងធានាថាកុមារកម្ពុជាទទួលបានការថែទាំយ៉ាងជិតស្និទ្ធ និងសុវត្ថិភាពបំផុត៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3