National

• 2 hours ago• Lim_Rothanaksambath

រយៈពេល ២ថ្ងៃ សមត្ថកិច្ចចម្រុះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឃាត់ខ្លួនជនបរទេស ៣នាក់ រឹបអូសបានកញ្ឆាជាង ៨១គីឡូក្រាម

រយៈពេល ២ថ្ងៃ សមត្ថកិច្ចចម្រុះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឃាត់ខ្លួនជនបរទេស ៣នាក់ រឹបអូសបានកញ្ឆាជាង ៨១គីឡូក្រាម
ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ កងកម្លាំងសមត្ថកិច្ចចម្រុះប្រចាំអាកាសយានដ្ឋានអន្តរជាតិតេជោ បានបំបែកសំណុំរឿងរត់ពន្ធ និងជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវអាកាសចំនួន ៣ករណីផ្សេងគ្នា ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី៥-៦ ខែតុលា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៣នាក់ និងរឹបអូសបានវត្ថុតាងរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបទាំងអស់ជាង ៨១ គីឡូក្រាម។

យោងតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានប្រព្រឹត្តទៅនៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ៖

• ករណីទី១ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ - ម៉ោង ០៨:៣៥ នាទី)៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរបរទេសម្នាក់ រកឃើញកញ្ឆាក្រៀមចំនួន ៤៦ដុំ មានទម្ងន់សុទ្ធ ២៣.០៤៦ ក្រាម (ជាង ២៣គីឡូក្រាម) លាក់បង្កប់យ៉ាងប្រុងប្រយ័ត្ននៅក្នុងវ៉ាលីសសម្លៀកបំពាក់។

• ករណីទី២ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ - ម៉ោង ២០:០៥ នាទី)៖ នៅថ្ងៃដដែល ក្រុមការងារបានបន្តត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ផ្សេងទៀត និងបានរកឃើញកញ្ឆាក្រៀមចំនួន ៣៩ដុំ មានទម្ងន់សុទ្ធ ២៥.១១២ ក្រាម (ជាង ២៥គីឡូក្រាម) លាក់បង្កប់ក្នុងវ៉ាលីសសម្លៀកបំពាក់ដូចគ្នា។

• ករណីទី៣ (ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦)៖ សមត្ថកិច្ចចម្រុះបានស្កាត់ត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ទៀត ដែលត្រៀមខ្លួនធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយរកឃើញកញ្ឆាក្រៀមចំនួន ២០ដុំ បន្ថែមទៀត មានទម្ងន់សុទ្ធ ៣៣.០៧៣ ក្រាម (ជាង ៣៣គីឡូក្រាម) នៅក្នុងវ៉ាលីសសម្លៀកបំពាក់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Exciseប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise
សរុបផលប្រយោជន៍នៃប្រតិបត្តិការទាំង ៣ករណីនេះ សមត្ថកិច្ចប្រមូលបានវត្ថុតាងកញ្ឆាក្រៀមចំនួន ១០៥ដុំ ដែលមានទម្ងន់សុទ្ធសរុប ៨១.២៣១ ក្រាម (ប្រមាណ ៨១.២៣ គីឡូក្រាម)។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារគយ និងរដ្ឋាករ ព្រមទាំងនគរបាលអន្តោប្រវេសន៍ បានប្រគល់ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាង និងសម្ភារៈពាក់ព័ន្ធទាំងអស់ ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគ្រប់គ្រង ថែរក្សា និងបន្តនីតិវិធីច្បាប់ និងបញ្ជូនខ្លួនទៅកាន់តុលាការជាធរមាន។

សូមជម្រាបថា ប្រទេសកម្ពុជា មានច្បាប់ម៉ឺងម៉ាត់បំផុតចំពោះបទល្មើសគ្រឿងញៀន។ ទោះបីជាកញ្ឆាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌវេជ្ជសាស្ត្រ ឬច្បាប់បន្ធូរបន្ថយក្នុងប្រទេសជិតខាងមួយចំនួនក៏ដោយ ប៉ុន្តែការនាំចូល-នាំចេញ និងការដឹកជញ្ជូនកញ្ឆាក្រៀមតាមច្រកទ្វារព្រំដែនកម្ពុជាដោយគ្មានការអនុញ្ញាត គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹងទោសទណ្ឌជាប់ពន្ធនាគាររយៈពេលវែង។

ក្នុងនោះផងដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារអាកាសអន្តរជាតិកម្រិត 4F ដ៏ទំនើប និងធំជាងគេរបស់កម្ពុជា។ ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែននៅទីតាំងនេះ បង្ហាញពីប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធគ្រប់គ្រងសន្តិសុខ និងការត្រួតពិនិត្យផ្នែកបច្ចេកវិទ្យារបស់មន្ត្រីគយ និងអន្តោប្រវេសន៍កម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3