National

• 1 hour ago• Lim_Rothanaksambath

គ.ជ.គ.ម. ចុះពិនិត្យការខូចខាតដំណាំស្រូវនៅស្រុកស្ទោង ព្រមទាំងសម្រេចផ្តល់ស្បៀង និងត្រៀមស្រូវពូជជួយប្រជាពលរដ្ឋ

គ.ជ.គ.ម. ចុះពិនិត្យការខូចខាតដំណាំស្រូវនៅស្រុកស្ទោង ព្រមទាំងសម្រេចផ្តល់ស្បៀង និងត្រៀមស្រូវពូជជួយប្រជាពលរដ្ឋ



ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្ម បង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. ព្រមទាំងតំណាងមន្ទីរ-អង្គភាពជំនាញ និងអភិបាលក្រុង-ស្រុកទូទាំងខេត្ត។

ផ្អែកលើស្មារតីនៃអង្គប្រជុំ និងការពិនិត្យស្ថានភាពជាក់ស្តែង កិច្ចប្រជុំបានឯកភាពជាគោលការណ៍ក្នុងការផ្តល់ស្បៀងអាហារបន្ទាន់ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់តាមខ្នងផ្ទះនីមួយៗ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលក្រុង-ស្រុកដែលរងផលប៉ះពាល់ ដើម្បីជំរុញការវាយតម្លៃទំហំខូចខាតលើដំណាំស្រូវឱ្យបានឆាប់រហ័សបំផុត សំដៅរៀបចំផ្តល់ពូជស្រូវសម្រាប់ឱ្យប្រជាកសិករបង្កបង្កើនផល និងស្តារឡើងវិញបានទាន់ពេលវេលា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម គីម វីរ: អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម. តំណាងឱ្យឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំប្រតិភូបេសកកម្ម និងមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃការខូចខាតជាក់ស្តែងលើដំណាំស្រូវនៅស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ទីរជំនាញជុំវិញខេត្ត។

ឯកឧត្តម គីម វីរ: បានគូសបញ្ជាក់ថា បេសកកម្មវាយតម្លៃផ្ទាល់ដីនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រមូលព័ត៌មាន និងទិន្នន័យច្បាស់លាស់ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្ត កំណត់អាទិភាពនៃការជួយសង្គ្រោះ និងការស្នើសុំធនធានចាំបាច់ តាមរយៈ «យន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា (Sreserve System)»។

លទ្ធផលនៃការវាយតម្លៃនេះ នឹងក្លាយជាសំណើផ្លូវការក្នុងការស្នើសុំជំនួយពូជស្រូវ ស្បៀងអាហារ និងវិធានការស្តារជីវភាពជូនប្រជាពលរដ្ឋរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3