National

• 2 hours ago• Lim_Rothanaksambath

ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជម្រើស ២ ដល់លោក អ៊ុ សំអាន ក្នុងនាំយកភស្តុតាងរឿងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ មកផ្ទៀងផ្ទាត់ នៅដើមខែវិច្ឆិកា

ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជម្រើស ២ ដល់លោក អ៊ុ សំអាន ក្នុងនាំយកភស្តុតាងរឿងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ មកផ្ទៀងផ្ទាត់ នៅដើមខែវិច្ឆិកា
ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ឱកាស និងជម្រើសច្បាស់លាស់ចំនួន ២ ដល់លោក អ៊ុ សំអាន ដើម្បីឲ្យរូបលោកផ្ទាល់ ឬបញ្ជូនតំណាងមកបង្ហាញ និងផ្ទៀងផ្ទាត់ភស្តុតាង ក៏ដូចជាឯកសារនានាពាក់ព័ន្ធនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យប្រទេសថៃនៅតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និងលេខ ៥៩ ឱ្យបានស្បើយមន្ទិលសង្ស័យពីសាធារណជន។ នេះបើយោងសំណេរដែលបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការ Hun Manet របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ។

ការប្រកាសនេះធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ ដោយបានកត់សម្គាល់ថា រយៈពេលកន្លងមក លោក អ៊ុ សំអាន បានចេញផ្សាយសារ និងផ្តល់សម្ភាសន៍ដល់អង្គភាពព័ត៌មានមួយចំនួន ដោយចោទប្រកាន់រាជរដ្ឋាភិបាលជុំវិញរឿងព្រំដែន ប៉ុន្តែគ្មានមូលដ្ឋាន ឬភស្តុតាងផ្លូវច្បាប់ច្បាស់លាស់ ដោយភាគច្រើនផ្អែកលើការឮតៗគ្នា ឬរង់ចាំឯកសារពីប្រទេសបារាំង និងបានព្យាយាមបង្កើតលក្ខខណ្ឌដោះសារផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្ហាញពីតម្លាភាព និងបញ្ចប់ភាពមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនបានបិទទ្វារឡើយ ដោយបានផ្តល់ ជម្រើស២ ជូនលោក អ៊ុ សំអាន ៖

ជម្រើសទី១៖ លោក អ៊ុ សំអាន អាចដឹកនាំក្រុមការងារមកដោយផ្ទាល់ (ដោយរាជរដ្ឋាភិបាលបានធានារ៉ាប់រងលើសុវត្ថិភាពជូនយ៉ាងម៉ត់ចត់) ដើម្បីជជែកដេញដោល និងផ្ទៀងផ្ទាត់ឯកសារជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល។

ជម្រើសទី២៖ ក្នុងករណីមិនហ៊ានមកផ្ទាល់ លោក អ៊ុ សំអាន អាចចាត់តាំងតំណាង ឬក្រុមតំណាង (មិនថាមកពីក្រៅប្រទេស ឬក្នុងស្រុក) ឱ្យចូលរួមជំនួស ដោយត្រូវគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ ត្រូវប្រគល់សិទ្ធិពេញលេញឱ្យអ្នកតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល, ត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោកនិងក្រុមលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់អោយបានច្បាស់លាស់, ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និងត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាងរបស់លោកបានចូលរួម។

ក្នុងនោះផងដែរ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានកំណត់ពេលវេលាឱ្យ លោក អ៊ុ សំអាន ធ្វើការសម្រេចចិត្ត និងរៀបចំឯកសារ ឬតំណាងឱ្យបានរួចរាល់ ត្រឹមដំណាច់ខែតុលា ដើម្បីចូលរួមជជែកផ្ទៀងផ្ទាត់គ្នានៅ ដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះ ភាគីរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កិច្ចការប្រទេសជាតិ និងការការពារបូរណភាពទឹកដី ព្រមទាំងការចរចាព្រំដែនជាមួយប្រទេសថៃ ទាំងផ្លូវគោក និងដែនសមុទ្រ គឺជាភារកិច្ចដ៏ធំធេងដែលត្រូវប្រឹងប្រែងដោះស្រាយដោយការទទួលខុសត្រូវខ្ពស់។

ការចេញមុខឆ្លើយតបចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះ គឺដើម្បីជម្រះការយល់ច្រឡំ និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ រួបរួមសាមគ្គីគ្នា និងផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលបំពេញការងារប្រកបដោយប្រសិទ្ធភាព ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet