National

• 1 hour ago• Lim_Rothanaksambath

សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ចេញពីព្រះរាជាណាចក្រកម្ពុជា

សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ក្រោមការអនុវត្តបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ីសរុប ១៨០នាក់ (ស្រី ២៩នាក់) ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់ទាំងនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីយ៉ាងម៉ត់ចត់ជាមួយភាគីស្ថានទូតពាក់ព័ន្ធ។

Photo: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDIPhoto: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែប្រកាន់ខ្ជាប់នូវជំហរយ៉ាងមុតមាំ និងគ្មានការលើកលែងឡើយ ដោយបានប្រកាសជាប្រចាំថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

ផ្អែកលើស្មារតី និងបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បាន និងកំពុងបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3