National

• 1 hour ago• Lim_Rothanaksambath

ប្រាសាទព្រះវិហារ បន្តទល់ទ្រសង្គ្រោះបន្ទាន់២៩ទីតាំង ខណៈរបាយការណ៍ការខូចខាតនៅបន្តលាតត្រដាងលើគេហទំព័រមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

ប្រាសាទព្រះវិហារ បន្តទល់ទ្រសង្គ្រោះបន្ទាន់២៩ទីតាំង ខណៈរបាយការណ៍ការខូចខាតនៅបន្តលាតត្រដាងលើគេហទំព័រមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក


ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ បានប្រកាសឱ្យដឹងពីគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ បន្ទាប់ពីបានធ្វើការអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី១ ចំនួន២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

តួយ៉ាង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានសែនព្រេនចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ចំនួន២៩ទីតាំង។ ក្នុងនោះ នៅគោបុរៈទី១ មានចំនួន១០ទីតាំង, គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង, គោបុរៈទី៣ ចំនួន៥ទីតាំង, គោបុរៈទី៤ ចំនួន១ទីតាំង, ស្ពានហាលចន្លោះគោបុរៈទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងនៅខឿនទ្រក្បាលនាគខាងលិច (ថ្នាក់ទី១ជណ្ដើរបុរាណខាងជើង) ចំនួន១ទីតាំង។

គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារនេះធ្វើឡើងក្នុងបំណងដើម្បីទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។

យ៉ាងណាមិញ ការចាប់ផ្តើមទល់ទ្រសង្គ្រោះបន្ទាន់ដំណាក់កាលទី២នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី LI Qiaozhi អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន, លោក Vijay Shankar PRASAD លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងតំណាងរដ្ឋសមាជិកចំនួន ៥ ប្រទេស គឺ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក, អ្នកជំនាញការអាដហុក, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក ,មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១៥០ រូប។

នៅក្នុងអង្គប្រជុំ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍ពីលទ្ធផលបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិ UNESCO-ICOMOS ដែលបានចុះពិនិត្យផ្ទាល់កាលពីដើមខែមីនា ឆ្នាំ២០២៦។ របាយការណ៍បានលាតត្រដាងថា ជម្លោះប្រដាប់អាវុធ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កការខូចខាតដល់ប្រាសាទព្រះវិហាររហូតដល់ ៥៦២ កន្លែង ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជុំវិញ និងសហគមន៍មូលដ្ឋាន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihearប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear
បច្ចុប្បន្ន របាយការណ៍វាយតម្លៃផ្លូវការនេះ (JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR) ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ហើយ។

សូមជម្រាបថា លទ្ធផលនៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របាយការណ៍វាយតម្លៃរបស់យូណេស្កូ និងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃអាយស៊ីស៊ី-ព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៦កន្លងទៅ អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារសហការជាមួយដៃគូអន្តរជាតិ ក្រោមការគាំទ្រមូលនិធិរបស់អង្គការយូណេស្កូ មូលនិធិ ALIPH ក្រសួងវប្បធម៌បារាំង និងរាជរដ្ឋាភិបាលកម្ពុជា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជូនចំនួន៤។

អាជ្ញាធរជាតិព្រះវិហារ បានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួន ៨៤,៨០០ដុំ ចុះបញ្ជីនិងរក្សាទុក ទល់ទ្ររចនាសម្ព័ន្ធប្រាសាទមានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើង ឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន៤កន្លែង និងស្តារ ប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។ បន្ថែមពីលើនោះ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀត ត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បី រក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ ប្រាសាទ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3